ភ្នំពេញ ៖ នៅទីស្តីការអាជ្ញាធរមីន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយលោក Istvan BAKOS ភារធារីស្ថានទូតនៃប្រទេសហុងគ្រីប្រចាំកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ នឹងវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត រវាងប្រទេសកម្ពុជា និងប្រទេសហុងគ្រី ហើយបានចាត់ទុកប្រទេសហុងគ្រីជាមិត្តដ៏ល្អ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស របស់ រដ្ឋាភិបាល និងប្រជាជននៃប្រទេសហុងគ្រី ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង ចូលរួម ជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទឹកប្រាក់ចំនួន ២៨.៥៧០ ដុល្លារអាមេរិក។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជម្រាបបន្ថែមថា អាជ្ញាធរមីន បានប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ សម្រាប់អនុវត្តគម្រោងចំនួន ០២ រួមមាន ៖ ទី១/.គម្រោងសាកល្បងភូមិអស់ការគម្រាមដោយសារមីននៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប លើផ្ទៃដី ៤៦.០០៩ ម៉ែត្រក្រឡា។ទី២/.គម្រោងការផ្ទៀងផ្ទាត់ផ្ទៃដីចម្ការមីននៅដីជាក់ស្តែងក្នុងខេត្តកែប និងខេត្តកោះកុងជាដើម។
លោក Istvan BAKOS ភារធារីស្ថានទូប្រទេសហុងគ្រី បានលើកឡើងថា រដ្ឋាភិបាលហុងគ្រី គឺជាមិត្តដ៏យូរលង់របស់កម្ពុជា ព្រមទាំងបានកសាងនូវទំនាក់ទំនង យ៉ាងល្អជាប្រវត្តិសាស្រ្តជាមួយកម្ពុជា ក្នុងនោះបានផ្តល់អាហារូបករណ៍ឲ្យនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសហុងគ្រីផងដែរ។ មួយវិញទៀតលោក ក៏បានសម្តែងការរីករាយ ដែលបានធ្វើការជាមួយកម្ពុជា ក្នុងសកម្មភាពបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផងដែរ៕
អត្ថបទ ៖ បាន ចក់


