ក្នុងអំឡុងជួបជាមួយនិស្សិតអ៊ុយក្រែន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកមិនចង់បង្កើតសង្គ្រាមជាមួយរុស្ស៊ីនោះទេ តែទោះបីជាយ៉ាងណាក្ដី ខ្លួននឹងបំពេញកាតព្វកិច្ចជាមួយបណ្ដាប្រទេសរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO)។
លោក Austin បានធានាថា៖ «ប្រធានាធិបតីអាមេរិក លោក Joe Biden បានជ្រើសរើសផ្លូវនៃការទទួលខុសត្រូវរវាងគ្នាទៅវិញទៅមក និងសន្តិសុខសមូហភាព។ ដូច្នេះ សហរដ្ឋអាមេរិកបានសម្រេចចែករំលែកការទទួលខុសត្រូវក្នុងការធានាថា អ៊ុយក្រែននៅតែមានអធិបតេយ្យភាព និងសេរី»។
យោងតាមលោក Austin បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនស្វែងរកការមានសង្រ្គាមជាមួយរុស្ស៊ីនោះទេ។ លោក Austin បានសង្កត់ធ្ងន់ថា ទោះបីជាលោក Vladimir Putin ធ្វើការគំរាមកំហែងពីការមានសង្គ្រាមនុយក្លេអ៊ែរក៏ដោយ ក៏សហរដ្ឋអាមេរិកនឹងបន្តអនុវត្តចំពោះការសម្លុតកំហែងនោះជាមួយនឹងការទទួលខុសត្រូវដែលពិភពលោករំពឹងទុកយ៉ាងត្រឹមត្រូវពីប្រទេសមហាអំណាចនុយក្លេអ៊ែរ។
ជាចុងក្រោយ លោក Austin បានធានាថា សហរដ្ឋអាមេរិក នឹងការពារដែនដីរបស់បណ្ដាសមាជិកអង្គការណាតូមិនឲ្យបាត់បង់សូម្បីមួយសង់ទីម៉ែត្រ ហើយនឹងផ្តល់ជំនួយចាំបាច់ដល់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធ ដើម្បីមានជីវិតរស់រាន និងសន្តិសុខ។
គួរបញ្ជាក់ថា រុស្ស៊ីបានគំរាមប្រទេសលោកខាងលិចម្តងហើយម្តងទៀត ចំពោះការគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមនេះ។ ថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក Putin បានប្រកាសផ្លាស់ប្តូរគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី ដោយបានគូសបញ្ជាក់ពីលក្ខខណ្ឌថ្មី ដែលរុស្ស៊ីអាចប្រើប្រាស់អាវុធនេះបាន៕