ក្រុមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ បានប្រកាសកាលពីថ្ងៃចន្ទថា មនុស្សជាង១០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) នៅក្នុងទីក្រុង និងភូមិជាច្រើន នៅភាគកណ្តាលប្រទេសស៊ូដង់។
កាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ កងជីវពល Janjaweed មួយក្រុមធំ បានវាយប្រហារតំបន់ភាគខាងកើតនៃរដ្ឋ Gezira និងបានសម្លាប់រង្គាលនៅក្នុងក្រុងTamboul និងក្រុងRufaa ព្រមទាំងភូមិជាច្រើនទៀត។
គណៈកម្មាធិការបាននិយាយថា កងជីវពល បានសម្លាប់មនុស្សជាង១០នាក់ និងបណ្តាលឲ្យរងរបួសជាច្រើននាក់ទៀត។ សាក្សី និយាយថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានគ្រប់គ្រងទីក្រុង Tamboul បន្ទាប់ពីមេបញ្ជាការកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) នៅស៊ូដង់ភាគកណ្តាល លោក Abu Aqla Keikel បានចុះចាញ់រួមជាមួយកងកម្លាំងរបស់លោកចំពោះកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF)។
ទោះជាយ៉ាងណា គណៈកម្មាធិការនៅក្នុងក្រុង Rufaa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា អង្គភាពកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) កាលពីល្ងាចថ្ងៃអាទិត្យ បានបើកការវាយប្រហារតបត ទៅលើទីក្រុង ហើយបានបង្ខំឱ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) ដកថយ។
គណៈកម្មាធិការ បានចាត់ទុកការវាយប្រហាររបស់កងកម្លាំងយោធាប៉ារ៉ា(RSF) លើទីក្រុង Tamboul និងភូមិនានានៅរដ្ឋ Gezira ភាគខាងកើតផ្សេងទៀតថាជា «ប្រតិបត្តិការសងសឹក»។