ពលរដ្ឋប៉ាឡេស្ទីន ត្រូវបានគេមើលឃើញកំពុងភៀសខ្លួនជាមួយឥវ៉ាន់របស់ពួកគេ ពីក្រុង Beit Lahiya តំបន់ហ្កាហ្សា នៅថ្ងៃអង្គារ ទី២២ ខែតុលានេះ ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប នៅតែបន្ត។
ដោយត្រូវបានបញ្ជាដោយយោធាអ៊ីស្រាអែលឱ្យជម្លៀសចេញ ប្រជាជនជាច្រើនបានធ្វើដំណើរនៅតាមដងផ្លូវ។
ពលរដ្ឋ និងក្រុមគ្រូពេទ្យបាននិយាយថា កងកម្លាំងយោធាអ៊ីស្រាអែល បានឡោមព័ទ្ធមន្ទីរពេទ្យ និងទីជម្រកសម្រាប់ជនភៀសខ្លួននៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃចន្ទ ខណៈពួកគេបានបង្កើនប្រតិបត្តិការ ដោយបានរារាំងជំនួយសំខាន់ៗមិនឱ្យទៅដល់ជនស៊ីវិល។
មន្ត្រីអ៊ីស្រាអែល និយាយថា បទបញ្ជាជម្លៀស មានគោលបំណងបំបែកក្រុមអ្នកប្រយុទ្ធហាម៉ាស ចេញពីជនស៊ីវិល ហើយបានបដិសេធថា ពុំមានផែនការជាប្រព័ន្ធណាមួយដើម្បីបោសសម្អាតជនស៊ីវិលឡើយ។ មន្ត្រីអ៊ីស្រាអែល អះអាងថា កងកម្លាំងរបស់ខ្លួន ដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ហ្កាហ្សាភាគខាងជើង បានសម្លាប់មនុស្សច្រើននាក់ ដែលខ្លួនបានចោទប្រកាន់ថា ជាខ្មាន់កាំភ្លើងក្រុមហាម៉ាស។
ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើសកម្មភាពនៃ «អំពើប្រល័យពូជសាសន៍» ដើម្បីបង្ខំប្រជាជនឱ្យចាកចេញពីតំបន់ហ្កាហ្សាភាគខាងជើង។
អ៊ីស្រាអែល បានប្រឈមទៅនឹងការចោទប្រកាន់ពីបទរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ នៅតុលាការយុត្តិធម៌អន្តរជាតិ ផងដែរ។