ភ្នំពេញ៖ ដីចម្ការមីននៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ចំនួនប្រមាណជាង ៤៥២លានម៉ែត្រការ៉េ ត្រូវបានកងកម្លាំងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរំដោះពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាឲ្យដីទាំងអស់នោះមានសុវត្ថិភាព ហើយប្រជាពលរដ្ឋអាចបង្កបង្កើនដំណាំកសិកម្ម រួមទាំងត្រូវបានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។
តំបន់មួយចំនួននៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន គឺជាសមរភូមិដ៏ក្តៅគគុករវាងកងទ័ពរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម ហើយបន្ទាប់ពីបញ្ចប់សង្គ្រាម នៃភាគីទាំងពីរបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនលានគ្រាប់ មានទាំងនៅលើដី ក្នុងដី ក្នុងទឹក និងនៅលើដើមឈើជាដើម ។
ទោះសង្គ្រាមត្រូវបានបញ្ចប់នៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ប៉ុន្តែកាកសំណល់សល់ពីសង្រ្គាមទាំងអស់នេះ នៅតែបង្កើតនូវសោកនាដកម្ម ជាបន្តបន្ទាប់ដល់ពលរដ្ឋកម្ពុជា តាមរយៈសកម្មភាពមួយចំនួន មានដើរជាន់វា បើកបរយានយន្ត ទៅកិនលើវិញ ឬយកវាមកច្នៃ និងការធ្វើសកម្មភាពផ្សេងៗទៀត ។
ពាក់ព័ន្ធនឹងបញ្ហាគ្រាប់មីននេះ ពលរដ្ឋក្នុងខេត្តបាត់ដំបង និងប៉ៃលិន រស់នៅតំបន់មានចម្ការមីន លើកឡើងថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចវានឹងបង្កគ្រោះថ្នាក់ដល់គ្រួសាររបស់ពួកគាត់ នៅពេលធ្វើកសិកម្ម ឬធ្វើសកម្មភាពផ្សេងៗ ប៉ះពាល់ទៅលើវា ។នេះគឺជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។
ឯកឧត្តម ហេង រតនា បានប្រសាសន៍បន្ដថា បន្ទាប់ពីមើលឃើញពីផលលំបាក នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួមទាំងមានពលរដ្ឋរងគ្រោះរហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល រួមនិងប្រទេសដៃគូជាច្រើនទៀត មានប្រទេសជប៉ុនជាដើម បានផ្ដល់នូវជំនួយទៅកាន់អង្គភាពបោសសំអាតមីននានា ធ្វើការបោសសំអាតកាកសំណល់ពីសង្គ្រាមទាំងអស់នោះ នៅដីចម្ការមីនក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិនជាដើម ដើម្បីឲ្យពលរដ្ឋបានធ្វើកសិកម្មដោយសុវត្ថិភាព រួមទាំងបានអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅតំបន់ដែលមានចម្ការមីនទាំងអស់នោះ ជាបន្តបន្ទាប់ ។
ឯកឧត្តម លើកឡើងថា សកម្មភាពបោសសំអាតមីននៅកម្ពុជា បានចាប់ផ្ដើមតាំងពីឆ្នាំ១៩៧៩ ប៉ុន្តែជាលក្ខណៈទ្រង់ទ្រាយធំ និងមានការចូលរួមគាំទ្រពី UN និងប្រទេសដៃគូផ្សេងៗ នៅឆ្នាំ១៩៩២ ។
លោក ហឹម ឃ្លឿ ជំទប់ទី១ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានលើកឡើងថា ដោយសារការជួយបោសសំអាតមីន ពីអង្គភាពស៊ីម៉ាក់ និងអង្គការផ្សេងៗ បានធ្វើឲ្យតំបន់នេះ ដែលពីមុនពោរពេញទៅដល់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តែងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនោះ គឺប្រមាណ១០ឆ្នាំចុងក្រោយនេះ លែងមានគ្រោះថ្នាក់ទៀតហើយ ហើយដីចម្ការមីនទាំងអស់ ក៏ត្រូវបានពលរដ្ឋប្រកបរបរកសិកម្ម ដោយសុវត្ថិភាពផងដែរ ។
ប្រជាពលរដ្ឋ បានសម្ដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល ប្រទេសដៃគូ អង្គភាពស៊ីម៉ាក់ និងប្រទេសជប៉ុនជាដើម មិនត្រឹមតែបានជួយបោសសំអាតមីននៅតំបន់ពួកគាត់រស់នៅ ថែមទាំងជួយអភិវឌ្ឍន៍កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា បង្រៀនបច្ចេកទេសការធ្វើកសិកម្ម ដើម្បីជាប្រយោជន៍ដល់ពួកគាត់បានប្រើប្រាស់ និងប្រកបអាជីវកម្មប្រចាំថ្ងៃ ។
បច្ចុប្បន្ន ក្រោមជំនួយឧបត្ថម្ភគាំទ្រថវិកាពីពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន ស៊ីម៉ាក់បាននិងកំពុងអនុវត្តគម្រោងមួយឈ្មោះ គម្រោងសមាហរណកម្មបោសសំអាតមីន និងជួយសង្គ្រោះជនពិការ ចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០១០ មាន៤ដំណាក់កាល ក្នុងនោះមានជួយធ្វើសាលារៀន ស្រះទឹក ចម្រុះទឹកស្អាត ផ្លូវ សំណង់ទ្វារទឹក ប្រព័ន្ធលូ បង្រៀនបច្ចេកទេស និងផ្ដល់ពូជកសិកម្មជាដើម ។
គួរបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២១ កងកម្លាំងស៊ីម៉ាក់ បានធ្វើការបោសសំអាតដីចម្ការមីននៅខេត្តបាត់ដំបង បានចំនួន៤១០ ៤៨៨ ៤១៥ម៉ែត្រការ៉េ និងនៅខេត្តប៉ៃលិន បានចំនួន ៤១ ៧៣៧ ៧០៤ម៉ែត្រការ៉េ ៕
អត្ថបទ បាន សុខរិទ្ធិ