សាលារៀន នៅផ្នែកខ្លះនៃរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា ត្រូវបានបញ្ជាឲ្យបិទ ហើយអ្នកទេសចរត្រូវបានប្រាប់ឲ្យចាកចេញពីទីក្រុងឆ្នេរដ៏ពេញនិយម Puri ខណៈដែលអាជ្ញាធរបានត្រៀមទប់ទល់នឹងព្យុះស៊ីក្លូនដ៏ខ្លាំងក្លាដែលរំពឹងថា នឹងកើតមាននៅចុងសប្តាហ៍នេះ។
ការិយាល័យអាកាសធាតុ បានឲ្យដឹងថា ព្យុះស៊ីក្លូន Dana ដែលពេលនេះបក់បោកនៅឈូងសមុទ្រ Bengal ត្រូវបានគេរំពឹងថា នឹងវិវត្តទៅជាព្យុះស៊ីក្លូនដ៏ខ្លាំងក្លា ដោយមានល្បឿនខ្យល់បក់រហូតដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយទំនងជានឹងបក់បោកទៅដល់ដីគោក នៅល្ងាចថ្ងៃព្រហស្បតិ៍ (ទី២៤ ខែតុលា)។
មន្ត្រីជាន់ខ្ពស់មកពីការិយាល័យស្នងការសង្គ្រោះពិសេស ដែលទទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មាន Reuters ថា សាលារៀន នៅក្នុងស្រុកចំនួន ១៤ នឹងត្រូវបិទ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ហើយអ្នកនេសាទត្រូវបានប្រាប់កុំឲ្យធ្វើដំណើរទៅប្រកបកិច្ចការរបស់ខ្លួន នៅសមុទ្រ។
ជាមួយគ្នានេះ ក្រុមមន្ត្រី បានប្រាប់ថា អ្នកទេសចរ និងអ្នកធ្វើធម្មយាត្រាដែលតែងតែទៅកាន់ទីក្រុងឆ្នេរសមុទ្រ Puri ដែលប្រាសាទ Jagannath ដ៏ល្បីល្បាញ ស្ថិតនៅទីនោះ ត្រូវបានស្នើឲ្យចាកចេញ ខណៈដែលក្រុមជួយសង្គ្រោះកំពុងត្រៀមខ្លួន ដើម្បីបំពេញការងាររបស់ខ្លួន។
ហើយការិយាល័យអាកាសធាតុ បានបន្ថែមថា ភ្លៀងធ្លាក់ពីខ្លាំងទៅកាន់តែខ្លាំងឡើងៗ នៅរដ្ឋ Odisha ទំនងជាមានក្នុងរយៈពេល ៣ថ្ងៃខាងមុខ ហើយការវិវត្តន៍ទៅជាព្យុះនេះ អាចបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ ដំណាំ និងបណ្តាញអគ្គិសនី ដោយបង្កឲ្យមានជាទឹកជំនន់ និងបំណាក់ដី៕