នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បានស្វាគមន៍នាយករដ្ឋមន្រ្តីហុងគ្រីលោក Victor Orban និងប្រធានាធិបតីស៊ែរប៊ីលោក Aleksandar Vucic ដើម្បីពិភាក្សាលើវិធានការការពារព្រំដែនសហភាពអឺរ៉ុបប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ។
ការិយាល័យរដ្ឋាភិបាលស្លូវ៉ាគី និយាយកាលពីថ្ងៃចន្ទ ក្រោយប្រកាសដំណើរទស្សនកិច្ចរបស់លោក Orban និងលោក Vucic ថា កិច្ចសហប្រតិបត្តិការជាមួយស៊ែរប៊ី និងរដ្ឋតំបន់បាល់កង់ភាគខាងលិចផ្សេងទៀត គឺសំខាន់ ដើម្បីកាត់បន្ថយលំហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ។
ពួកគេនិយាយថា កិច្ចសហប្រតិបត្តិការនេះ រួមមានទាំងវិធានការពង្រឹងការការពារព្រំដែន ការគាំទ្រនីតិវិធីសុំសិទ្ធិជ្រកកោនរបស់ប្រទេសដៃគូ និងស្របតាមគោលនយោបាយទិដ្ឋាការជាមួយសហភាពអឺរ៉ុប ។
ដោយឡែក អ៊ីតាលី បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ដំណើរការជនអន្តោប្រវេសន៍នៅប្រទេសអាល់បានី គឺជាគម្រោងមួយដែលប្រទេសអឺរ៉ុបមួយចំនួននិយាយថា វាអាចប្រើប្រាស់ជាគំរូមួយ ។
កាលពីសប្តាហ៍មុន ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានជួបជុំគ្នា និងបានឯកភាពប្រើប្រាស់ឥទ្ធិពលទាំងអស់របស់ពួកគេ ដើម្បីពន្លឿនការបញ្ជូនត្រឡប់ទៅវិញនូវជនអន្តោប្រវេសន៍ចូលប្លុកមួយនេះដោយខុសច្បាប់ ។
ស៊ែរប៊ី ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បានក្លាយជាច្រកចូលជាយូរមកហើយទៅកាន់សហភាពអឺរ៉ុប សម្រាប់ជនអន្តោប្រវេសន៍ដែលធ្វើដំណើរតាមផ្លូវបាល់កង់ចេញពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ៕


