នៅថ្ងៃអង្គារនេះ ផ្សែងបានគ្របដណ្តប់ពីលើទីក្រុងតំបន់ឆ្នេរ Tyre ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីការផ្ទុះគ្រាប់ជាច្រើន ។
ទោះបីជាយ៉ាងណាក៏ដោយ ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗពីគ្រោះថ្នាក់ដល់ស្លាប់ ឬរងរបួសភ្លាមៗនោះទេ ។
អ៊ីស្រាអែល បានចុះយុទ្ធនាការជើងគោកនៅប្រទេសលីបង់ រយៈពេលជាង ១ខែកន្លងមកនេះ ក្រោយរយៈពេល ១ឆ្នាំនៃការប៉ះទង្គិចគ្នាឆ្លងព្រំដែន ពេលដែលក្រុមហេសបូឡា ផ្លោងគ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាស្រ្ទីប ។
យុទ្ធនាការរបស់អ៊ីស្រាអែលនៅប្រទេសលីបង់ បានធ្វើឲ្យមនុស្ស ១,២លាននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ ។
អ៊ីស្រាអែល និយាយថា ពួកគេមានគោលដៅកម្ចាត់ក្រុមហេសបូឡា ចេញពីតំបន់ព្រំដែន ដើម្បីឲ្យពលរដ្ឋរបស់ពួកគេរាប់ម៉ឺននាក់ អាចវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញ ក្រោយបង្ខំចិត្តរត់ភៀសខ្លួនអស់រយៈពេល ១ឆ្នាំកន្លងមកនេះ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ប្រតិបត្តិការសឹករបស់អ៊ីស្រាអែលនៅប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ២.៣៥០នាក់ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ៕


