នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរុស្ស៊ី បានចេញរូបភាពវីដេអូឃ្លីបឃើញការដាក់ពង្រាយជើងទម្របាញ់មីស៊ីលចល័ត Yars មានសមត្ថភាពនុយក្លេអ៊ែរ ។
ក្រសួងនិយាយថា ប្រតិបត្តិករមីស៊ីលយុទ្ធសាស្រ្ត អនុវត្តការងារជាច្រើន រួមទាំងសមយុទ្ធលើផ្លូវល្បាតប្រយុទ្ធ ។
ជើងទម្របាញ់មីស៊ីលបាលីស្ទិកចល័ត Yars មានសមត្ថភាពនុយក្លេអ៊ែរ បង្កើតផ្នែកមួយនៃកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្រ្តរបស់រុស្ស៊ី និងមានរយៈចម្ងាយរហូទដល់ ១១.០០០គ.ម ល្មមគ្រប់គ្រាន់អាចវាយប្រហារទីក្រុងណាមួយរបស់សហរដ្ឋអាមេរិក និងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រាប់ ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា ទាហានរុស្ស៊ី បានអនុវត្តការរំកិលមីស៊ីលនៅលើទីវាលចម្ងាយជាង ១០០គ.ម ក្រោមការបិទបាំង ដើម្បីការពារវា ប្រឆាំងនឹងការវាយប្រហារតាមច្រកអាកាស និងក្រុមសត្រូវបំផ្លិចបំផ្លាញ ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីខែមុនថា ទីក្រុងម៉ូស្គូ បានពង្រីកបញ្ជីសេណារីយ៉ូដែលអាចបង្ខំឲ្យខ្លួនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយកាត់បន្ថយកម្រិតប្រើប្រាស់វាដោយមានប្រសិទ្ធិភាព ។
អ៊ុយក្រែន បានចោទប្រកាន់ទីក្រុងម៉ូស្គូថាគំរាមកំហែងនុយក្លេអ៊ែរ ហើយប្រមុខដឹកនាំថ្មីរបស់អង្គការណាតូលោក Mark Rutte និយាយថា សម្ព័ន្ធមិត្តយោធារបស់លោក មិនត្រូវបានបំភិតបំភ័យដោយសារការគំរាមរបស់រុស្ស៊ីនោះឡើយ ៕


