បើយោងតាមមន្ត្រីអាមេរិក បានឲ្យដឹងថា មន្ត្រីរបស់សហរដ្ឋអាមេរិក បានប្រាប់សមភាគីឥណ្ឌាថា ខ្លួនចង់បានលទ្ធផលឲ្យបានលឿន និងការទទួលខុសត្រូវបន្ថែមទៀត បន្ទាប់ពីមានការស៊ើបអង្កេតរបស់ពួកគេ ជុំវិញការជាប់ពាក់ព័ន្ធរបស់ជនជាតិឥណ្ឌា នៅក្នុងផែនការឃាតកម្មមិនបានសម្រេច ចំពោះសកម្មជនសាសនា Sikh នៅសហរដ្ឋអាមេរិក។
គណៈកម្មាធិការស៊ើបអង្កេតឥណ្ឌា បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការស៊ើបអង្កេតផ្ទាល់របស់ឥណ្ឌា បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់មន្ត្រីចារកម្មឥណ្ឌាថា បានដឹកនាំផែនការធ្វើឃាតលើជនមានសញ្ជាតិ ២ អាមេរិក-កាណាដា គឺលោក Gurpatwant Singh Pannun ដែលជាអ្នកបំបែកខ្លួនសាសនា Sikh កាលពីឆ្នាំមុន។
មន្ត្រីអាមេរិកម្នាក់ដែលសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា៖ «យើងបានប្រាស្រ័យទាក់ទងគ្នាយ៉ាងច្បាស់លាស់ពិតប្រាកដថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងមិនមានអារម្មណ៍ពេញចិត្តទាំងស្រុងនោះទេ រហូតដល់យើងឃើញថា មានការទទួលខុសត្រូវដ៏សំខាន់កើតឡើង។ យើងបានបញ្ជាក់ធ្ងន់ៗថា យើងសង្ឃឹមថា ឥណ្ឌានឹងចាត់វិធានការឲ្យបានលឿនតាមដែលអាចធ្វើទៅបាន តាមរយៈដំណើរការស៊ើបអង្កេតរបស់ពួកគេ»។
ពាក់ព័ន្ធនឹងការលើកឡើងនេះ ស្ថានទូតឥណ្ឌា ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ សាររបស់ក្រុងវ៉ាស៊ីនតោនផ្ញើទៅកាន់មន្ត្រីឥណ្ឌា មិនត្រូវបានគេរាយការណ៍ពីមុនមកទេ៕

