នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែល សម្រាប់ជំនួបជាមួយក្រុមមេដឹកនាំអ៊ីស្រាអែល ដែលជាការឈប់សំចតដំបូងនៃដំណើរទស្សនកិច្ចទ្រង់ទ្រាយធំជាងមុននៅតំបន់មជ្ឈិមបូព៌ា ដើម្បីដាក់ចេញការជំរុញថ្មីមួយទៀតឲ្យមានបទឈប់បាញ់ពិបាកសម្រេចផ្លែផ្កា ។
ដំណើរទស្សនកិច្ចចុងក្រោយរបស់មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះ និងជាដំណើរទស្សនកិច្ចលើកទី ១១របស់លោកមកកាន់តំបន់ ចាប់តាំងក្រុមជីវពលហាម៉ាស់វាយប្រហារតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន ជាហេតុបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប បានកើតមានឡើង ស្របពេលដែលយោធាអ៊ីស្រាអែល បង្កើនយុទ្ធនាការសឹករបស់ពួកគេនៅដែនដីប៉ាឡេស្ទីនបិទច្រកមួយនេះ ក៏ដូចជានៅប្រទេសលីបង់ ប្រឆាំងនឹងក្រុមជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ។
លោក Blinkenនឹងជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu រដ្ឋមន្រ្តីការពារជាតិលោក Yoav Gallant និងក្រុមមន្រ្តីផ្សេងទៀត អំឡុងថ្ងៃនៃដំណើរទស្សនកិច្ចរយៈពេល ១សប្តាហ៍ពេញរបស់លោកនៅតំបន់មជ្ឈិមបូព៌ា រួមទាំងការឈប់សំចតនៅប្រទេសហ្សកដានី និងប្រទេសកាតាផងដែរ ។
យោងតាមមន្ត្រីប៉ាឡេស្ទីនបានឲ្យដឹងថា យុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៤២.៥០០នាក់ រហូតមកដល់ពេលនេះ ៕

