ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel និយាយថា ចំនួនមនុស្សស្លាប់ដោយសារព្យុះត្រូពិក Oscar បានកើនឡើងដល់ ៦នាក់ និងបង្កការជន់លិច រយៈពេល ១ថ្ងៃ ក្រោយវាបោកបក់ដល់ដីគោកនៅខេត្ត Guantanamo ក្នុងនាមជាព្យុះសង្ឃរាកម្រិតទី ១ ។
យោងតាមតាមសេចក្តីរាយការណ៍ចុងក្រោយរបស់វិទ្យាស្ថានឧតុនិយមគុយបា បានឲ្យដឹងថា ព្យុះត្រូពិក Oscar បានថមថយកម្លាំងរបស់វា ពេលបោកបក់ដល់ដីគោកនៅលើកោះតំបន់សមុទ្រការ៉ាអ៊ីបមួយនេះកាលពីថ្ងៃអាទិត្យ ដោយនាំមកនូវខ្យល់បក់ខ្លាំង ព្យុះព្យុះដ៏មានឥទ្ធិពល និងភ្លៀងធ្លាក់ ទៅដល់ផ្នែកមួយចំនួននៅភាគខាងកើតប្រទេសគុយបា ។
ប្រតិបត្តិការជួយសង្រ្គោះ និងការវាយតម្លៃផលខូចខាត កំពុងបន្តនៅក្នុងប្រទេសមួយនេះ ដែលជួបការដាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនខែមកហើយ ហើយបានរងគ្រោះរួចទៅហើយដោយសារកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ប្រេងឥន្ធនៈ និងឱសថ ។
បុគ្គលិកក្នុងវិស័យទេសចរណ៍ រាយការណ៍ថា ការដាច់ចរន្តអគ្គិសនីនៅទីក្រុងឡាហាវ៉ាន់ កំពុងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមាន ដល់ឧស្សាហកម្មគ្មានផ្សែងរបស់ទីក្រុងនេះ ។
បុគ្គលិកភោជនីយដ្ឋាន និងបុគ្គលិកផ្នែកឧស្សាហកម្មទេសចរណ៍ បាននិយាយថា ការដាច់ចរន្តអគ្គិសនី ជាបន្តបន្ទាប់បាននាំឲ្យមានការខូចអាហារ និងការថយចុះសកម្មភាពទេសចរណ៍ ដោយអ្នកទេសចរមួយចំនួន បានលុបចោលការធ្វើដំណើររបស់ពួកគេ ដើម្បីបញ្ចៀសការរំខានណាមួយ ៕

