នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃអង្គារនេះថា ឥណ្ឌាមានជំនឿថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន គួរតែដោះស្រាយគ្នាតាមសន្តិវិធី ហើយទីក្រុងញូវដែល្លី ចង់ដើរតួណាមួយ ដើម្បីគាំទ្រសន្តិភាព និងស្ថិរភាព ។
ពេលចាប់ផ្តើមកិច្ចប្រជុំកំពូលក្រុមប្រទេស BRICS នៅទីក្រុង Kazan របស់រុស្ស៊ី លោក Modi បាននិយាយថា ពួកយើងមានឱកាសមួយទៀត ដើម្បីពិភាក្សាបញ្ហាទាំងអស់នេះ នៅថ្ងៃនេះ ។
ដោយឡែក លោក Putinនិយាយប្រាប់លោក Modi វិញដែរថា លោកមានការដឹងគុណជាអនេកកាលដែលអ្នកឆ្លើយចំពោះការអញ្ជើញរបស់ពួកយើង និងមកទីក្រុង Kazan ដោយផ្ទាល់ សម្រាប់កិច្ចប្រជុំកំពូល BRICS ។
លោកបន្តថា នៅទីក្រុង Kazan ពួកយើងត្រូវតែធ្វើការសម្រេចចិត្តសំខាន់ៗជាច្រើន ដែលមានគោលដៅធ្វើឲ្យល្អប្រសើរឡើងសកម្មភាពរបស់សមាគម និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ៕


