ទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃអង្គារ (ទី២២ ខែតុលា) នេះ បាននិយាយថា សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់ប៉ាឡេស្ទីន ហើយបានធ្វើឲ្យប្រជាជនស្ទើរតែទាំងអស់នៃតំបន់ហ្កាហ្សាស្ថិតក្នុងភាពក្រីក្រ ដោយគុណភាពនៃសូចនាករជីវិត ដូចជាសុខភាព និងការអប់រំជាដើម បានវិលត្រឡប់ទៅរកទិដ្ឋភាពកាលពី ៧០ឆ្នាំមុន។
ដោយចាប់ផ្តើមការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចសង្គមដោយសារសង្រ្គាម លោកស្រី Chitose Noguchi របស់ UNDP បាននិយាយថា សេដ្ឋកិច្ចរបស់ដែនដីប៉ាឡេស្ទីន ពោលគឺតំបន់ហ្កាហ្សាស្ទ្រីប និងតំបន់វេសបែង ដែលកាន់កាប់ដោយអ៊ីស្រាអែល ឥឡូវនេះ មានទំហំ ៣៥ភាគរយតូចជាងពេលចាប់ផ្តើមការលុកលុយរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ក្នុងមួយឆ្នាំកន្លងទៅ។
លោកស្រី Noguchi បាននិយាយថា តាមរយៈវិធានការវាស់ស្ទង់មួយចំនួន ភាពក្រីក្រ នៅតំបន់ហ្កាហ្សា ឥឡូវនេះ បានខិតជិតដល់កម្រិត ១០០ភាគរយ ដែលបណ្ដាលមកពីភាពវឹកវរនេះ ដោយភាពអត់ការងារធ្វើមានដល់ ៨០ភាគរយហើយ នាពេលនេះ។
អំឡុងសន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រីបានប្រាប់ថា៖ «រដ្ឋប៉ាឡេស្ទីន កំពុងពើបប្រទះនឹងកម្រិតនៃការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក។ សម្រាប់តំបន់ហ្កាហ្សា ការអភិវឌ្ឍបានដើរថយក្រោយ ដោយតាមការប៉ាន់ស្មាន កំពុងវិលទៅរកពេលវេលាកាលពី ៧០ឆ្នាំមុន ពោលគឺក្នុងរង្វង់ឆ្នាំ១៩៥៥»។
លោកស្រីបានបញ្ជាក់បន្ថែមថា ទោះបីជាស្ថិតក្រោមលក្ខខណ្ឌល្អប្រសើរ ដោយមានជំនួយអន្តរជាតិនៅសេសសល់ ក្នុងកម្រិតបច្ចុប្បន្ន ហើយការហូរចូលទៅក្នុងតំបន់ហ្កាហ្សា និងតំបន់វេសបែង ដោយមិនមានការរារាំងក៏ដោយ ក៏វានឹងនៅតែត្រូវការពេលយ៉ាងហោចណាស់ ១ទសវត្សរ៍ដែរ ដើម្បីឲ្យទិន្នផលសេដ្ឋកិច្ចងើបដល់កម្រិតមុនមានសង្គ្រាម៕



