ចលនាហេសបូឡារបស់ប្រទេសលីបង់ នៅថ្ងៃអង្គារ (ទី២២ ខែតុលា) នេះ បាននិយាយថា នឹងមិនមានការចរចានោះឡើយ ខណៈការប្រយុទ្ធនៅតែបន្តមានជាមួយអ៊ីស្រាអែល ហើយខ្លួនបានអះអាងទទួលខុសត្រូវតែឯង ចំពោះការវាយប្រហារដោយយានដ្រូនលើផ្ទះវិស្សមកាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។
នៅឯសន្និសីទសារព័ត៌មាន នាជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត លោក Mohammad Afif ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់មួយនេះ បាននិយាយថា ក្រុមនេះ «ទទួលខុសត្រូវទាំងស្រុង និងតែម្នាក់ឯង» ចំពោះការកំណត់គោលដៅវាយប្រហារលំនៅឋានរបស់លោក Netanyahu។
លោកបានប្រាប់បន្ថែមថា៖ «ប្រសិនបើដៃរបស់យើងមិនបានទៅដល់អ្នកពីមុនទេ ដូច្នេះ មិនថាយូរប៉ុនណា សមរភូមិនៅតែបន្តមានរវាងពួកយើង»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបាននិយាយថា យានដ្រូនត្រូវបានបើកការវាយប្រហារ នៅឯផ្ទះវិស្សមកាលរបស់លោក Netanyahu កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។ លោក Netanyahu មិននៅទីនោះទេ ប៉ុន្តែលោកបានពណ៌នាថា វាជាការប៉ុនប៉ងធ្វើឃាតដោយ «ក្រុមតំណាងរបស់អ៊ីរ៉ង់ គឺហេបូឡា» ហើយបានហៅការធ្វើបែបនេះថា ជា «កំហុសដ៏ធ្ងន់ធ្ងរ»៕