អគ្គនាយកមន្ទីរពេទ្យAl-Sahel លោកវេជ្ជបណ្ឌិត Mazen Alameh និយាយថា អំណះអំណាងរបស់អ៊ីស្រាអែលថា
ឃ្លាំងប្រាក់ក្រុមហេសបូឡាស្ថិតនៅក្រោមមន្ទីរពេទ្យរបស់លោក គឺខុស ១០០ភាគរយហើយពួកគេសូមស្នើសុំពិភពលោកឲ្យមកអង្កេតមើល ឲ្យឃើញនឹងភ្នែកច្បាស់របស់ពួកគេថាតើមានឬក៏មិនមាន ។
សេចក្តីអត្ថាធិប្បាយរបស់លោក Alamehបានកើតមានឡើង ក្រោយយោធាអ៊ីស្រាអែល និយាយថា ក្រុមហេសបូឡា
បានរក្សាទុកប្រាក់រាល់លានដុល្លារនិងមាសនៅក្នុងឃ្លាំងដែលកសាងនៅក្រោមមន្ទីរពេទ្យមួយនេះ ស្ថិតក្នុងទីក្រុងបេរូត ។
ពួកគេបន្តថា អ៊ីស្រាអែល នឹងមិនវាយប្រហារមន្ទីរពេទ្យមួយនេះទេប៉ុន្តែពួកគេនឹងតាមដានកន្លែងមួយនេះ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយចំពោះការចោទប្រកាន់ខាងលើ ។
ដោយឡែក លោក FadiAlameh គឺជាតំណាងរាស្រ្តលីបង់របស់គណបក្សចលនាស៊ីអ៊ីត Amal និងជាប្រធានមន្ទីរពេទ្យ Al-Sahel
និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ៊ីស្រាអែល បានបង្កើតអំណះអំណាងមិនពិតនិងមូលបង្កាច់ ហើយលោកបានអំពាវនាវឲ្យកងទ័ពលីបង់ ធ្វើដំណើរមកកាន់ទីនេះនិងបង្ហាញពួកគេនូវបន្ទប់វះកាត់ អ្នកជំងឺ និងសាលតម្កល់សព ។
ក្រសួងសុខាភិបាលលីបង់ និយាយថា មនុស្សយ៉ាងហោច១៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៥៧នាក់ផ្សេង រងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ នៅជិតមន្ទីរពេទ្យ Hariri ដែលជាមន្ទីរពេទ្យធំរបស់ទីក្រុងបេរូត។
ដោយឡែក ក្រុមហេសបូឡាបាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ពួកគេបានផ្លោងគ្រាប់រ៉ុក្កែតលើមូលដ្ឋានទ័ពសំខាន់
២កន្លែងនៅជិតទីក្រុងតែល អាវីវ និងមូលដ្ឋានទ័ពជើងទឹកនៅភាគខាងលិចទីក្រុង Haifa ស្របពេលដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែល ដើម្បីចាប់ផ្តើមស្រោចស្រង់បទឈប់បាញ់ ៕