រដ្ឋាភិបាលកោះតៃវ៉ាន់ បានផ្តល់ព័ត៌មានលម្អិតដ៏កម្រកាលពីថ្ងៃអង្គារ (២២ តុលា) អំពីផែនការស្បៀងអាហារក្នុងសម័យសង្គ្រាមរបស់កោះនេះ ដោយនិយាយថា ខ្លួនកំពុងបង្កើនឃ្លាំងស្តុកប្រចាំខែនៃការផ្គត់ផ្គង់សំខាន់ៗដូចជាស្រូវអង្ករ និងធ្វើឱ្យប្រាកដថាស្បៀងទាំងនោះត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវនៅទូទាំងកោះ ក្នុងករណីមានការបិទខ្ទប់របស់ចិន។

ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ បានធ្វើសកម្មភាពយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ រួមទាំងហ្គេមសង្រ្គាម ដែលបានអនុវត្តការបិទទ្ទប់ឡោមព័ទ្ធ និងការវាយក្រសោបលើកំពង់ផែ។

នៅក្នុងរបាយការណ៍មួយទៅកាន់សភាពីការត្រៀមលក្ខណៈក្នុងករណីមានការបិទផ្លូវរបស់ចិន អាជ្ញាធរកសិកម្មកោះតៃវ៉ាន់និយាយថា ខ្លួនបានធានាថា ស្តុកស្រូវអង្ករមានលើសពីកម្រិតរយៈពេល ៣ខែតាមតម្រូវការរបស់ច្បាប់ ហើយការផ្គត់ផ្គង់ស្បៀងអាហារត្រូវបានរក្សាទុកនៅទូទាំងកោះក្នុងគោលបំណងដើម្បី “កាត់បន្ថយហានិភ័យនៃការវាយក្រសោបណាមួយ”។

អាជ្ញាធរបន្តថា ស្តុកអង្ករបច្ចុប្បន្នរបស់តៃវ៉ាន់ គឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់កោះនេះយ៉ាងហោចណាស់ ៧ខែ រួមទាំងផែនការស្តីពីការបែងចែកអង្ករតាមរយៈស្ថានីយ៍ផ្គត់ផ្គង់នៅទូទាំងកោះ កំពុងត្រូវបានធ្វើឡើងក្នុងករណីមានវិបត្តិស្បៀងអាហារ ហើយក្នុងអំឡុងពេលបិទផ្លូវ ដីស្រែបន្ថែមទៀតនឹងត្រូវបានប្រើសម្រាប់ធ្វើដំណាំស្រូវ។ នៅក្នុងស្ថានភាពដែលការនេសាទសមុទ្រមិនត្រូវបានអនុញ្ញាត អាជ្ញាធរបន្ថែមថា សារពើភ័ណ្ឌចំណីត្រីរបស់កោះនឹងគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ការនេសាទក្នុងស្រះចិញ្ចឹមរយៈពេលលើសពី ៣ខែ៕