ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថាមេដឹកនាំលោក Kim Jong-un បានអំពាវនាវជាថ្មីឱ្យបង្កើនការរារាំងសង្គ្រាមរបស់ប្រទេស រួមទាំងការត្រៀមសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបានហៅថាជាការគំរាមកំហែងនុយក្លេអ៊ែរពីសហរដ្ឋអាមេរិកខណៈសល់ពេលមិនដល់២សប្ដាហ៍ទៀតទេមុនការបោះឆ្នោតប្រជាធានាធិបតីអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បាននិយាយនៅក្នុងសុន្ទរកថាជាភាសាអង់គ្លេសថា លោក Kim បានធ្វើសេចក្ដីអាត្ថាធិប្បាយបែបនេះក្នុងអំឡុងត្រួតពិនិត្យមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្ររបស់លោក។របាយការណ៍នេះពុំបានបញ្ជាក់ពីទីតាំង ឬកាលបរិច្ឆេទនៃការត្រួតពិនិត្យនោះទេ។

ដូចដែលត្រូវបានសង្កត់ធ្ងន់ក្នុងឱកាសជាច្រើននាពេលថ្មីៗនេះ មធ្យោបាយនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក បង្កការគំរាមកំហែងកាន់តែខ្លាំងចំពោះបរិស្ថានសន្តិសុខកូរ៉េខាងជើង និងការគំរាមកំហែងរយៈពេលវែង ដែលទាមទារជាបន្ទាន់ឲ្យកូរ៉េខាងជើងបង្កើនការរារាំងសង្គ្រាមរបស់ខ្លួន និងចាត់វិធានការកាន់តែម៉ឺងម៉ាត់ ហ្មត់ចត់ និងតឹងរឹងពីកងកម្លាំងនុយក្លេអ៊ែរ។
ក្នុងអំឡុងការត្រួតពិនិត្យ លោក Kim បានពិនិត្យមើលមុខងារ និងសមត្ថភាពសំខាន់ៗនៃទីតាំងបាញ់បង្ហោះរបស់មូលដ្ឋានមីស៊ីល ក៏ដូចជាការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការរបស់អង្គភាពមីស៊ីលយុទ្ធសាស្ត្រ ផងដែរនេះ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNAខាងលើ ។

របាយការណ៍បានបន្ថែមថា លោក Kim ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើទំនើបកម្មយោធា និងការពង្រឹងមូលដ្ឋានមីស៊ីលបន្ថែមទៀតផងដែរ ដោយធានាថា គ្រប់មធ្យោបាយទាំងអស់ត្រូវបានរៀបចំយ៉ាងពេញលេញ ដើម្បីរក្សាជំហរប្រឆាំងដ៏រឹងមាំចំពោះសត្រូវ៕