អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (២៣ តុលា) នេះថា នាវាផ្ទុកយន្តហោះមួយក្រុមរបស់ប្រទេសចិន បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយធ្វើដំណើរក្នុងទិសដៅទៅភាគខាងជើង បន្ទាប់ពីឆ្លងកាត់ដែនទឹកនៅជិតប្រជុំកោះ ប្រាតាស (Pratas) ដែលតៃវ៉ាន់គ្រប់គ្រង។

អាជ្ញាធរនិយាយថា នាវាចិនដែលដឹកនាំដោយ ឡាវនីង (Liaoning) ដែលជានាវាផ្ទុកយន្តហោះចំណាស់ជាងគេក្នុងចំណោមនាវាផ្ទុកយន្តហោះទាំងបីរបស់ប្រទេសចិន ត្រូវបានគេប្រទះឃើញកាលពីយប់ថ្ងៃអង្គារ ហើយកងកម្លាំងតៃវ៉ាន់ បានតាមដានកងនាវាទាំងនោះ។ សូមបញ្ជាក់ថា ប្រជុំកោះ Pratas ស្ថិតនៅភាគខាងជើងនៃសមុទ្រចិនខាងត្បូង។

ក្រសួងការពារជាតិចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
នាវា ឡាវនីង បានចូលរួមក្នុងហ្គេមសង្រ្គាមរបស់ចិន កាលពីសប្តាហ៍មុន នៅជិតកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិក៏ដោយ។ តៃវ៉ាន់បាននិយាយនៅពេលនោះថា នាវា ឡាវនីង បានធ្វើប្រតិបត្តិការចេញពីឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះ អំឡុងពេលសមយុទ្ធទាំងនោះ ដោយបានបញ្ជូនយន្តហោះចេញពីផ្ទៃចំណតរបស់ខ្លួន។

ចិន ធ្លាប់បានបើកនាវាផ្ទុកយន្តហោះរបស់ខ្លួនតាមច្រកសមុទ្រយុទ្ធសាស្ត្រនេះពីមុនមក រួមទាំងក្នុងខែធ្នូ ដែលមិនយូរប៉ុន្មានមុនតៃវ៉ាន់រៀបចំការបោះឆ្នោត។ ចិននិយាយថា មានតែខ្លួនទេដែលមានយុត្តាធិការលើផ្លូវទឹកធំទូលាយជិត ១៨០គីឡូម៉ែត្រ ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិមួយនេះ។ កោះតៃវ៉ាន់ និងអាមេរិក បានជំទាស់នឹងការអះអាងនោះ ដោយនិយាយថាច្រកសមុទ្រតៃវ៉ាន់ជាផ្លូវទឹកអន្តរជាតិ៕