អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២២ តុលា) ថា ចំនួនប្រជាជនរបស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះចំនួន ១០លាននាក់ ឬប្រហែលមួយភាគបួន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ដោយសារតែជនភៀសខ្លួនជាច្រើនបានចាកចេញពីប្រទេស ការដួលរលំនៃអត្រាកំណើត និងការស្លាប់ដោយសារសង្គ្រាម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោកស្រី ហ្វ្លរិន ប៊ូអឺ (Florence Bauer) ប្រធានអឺរ៉ុបខាងកើតនៃមូលនិធិប្រជាជនអង្គការសហប្រជាជាតិ បាននិយាយថា ការវាយលុយក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានប្រែក្លាយស្ថានភាពប្រជាសាស្រ្តដ៏លំបាករួចទៅហើយក្នុងប្រទេសនេះ ឱ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

លោកស្រីបន្តថា៖ “អត្រាកំណើតបានធ្លាក់ចុះ ហើយបច្ចុប្បន្នអ៊ុយក្រែនស្ថិតក្នុងអត្រាកូនម្នាក់ក្នុងស្ត្រីម្នាក់ ដែលជាអត្រាទាបបំផុតមួយក្នុងពិភពលោក»។ សូមបញ្ជាក់ថា ប្រទេសមួយត្រូវការអត្រាមានកូនចំនួន២,១ ក្នុងស្ត្រីម្នាក់ ដើម្បីរក្សាចំនួនប្រជាជនឱ្យមានស្ថិរភាព។

អ៊ុយក្រែន ដែលមានប្រជាជនជាង ៥០លាននាក់ នៅពេលសហភាពសូវៀតដួលរលំក្នុងឆ្នាំ១៩៩១ ក៏ដូចជាប្រទេសជិតខាងនៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាលដែរ បានរងការធ្លាក់ចុះនៃចំនួនប្រជាជនយ៉ាងធ្ងន់ធ្ងរ។ នៅឆ្នាំ២០២១ ដែលជាឆ្នាំចុងក្រោយមុនពេលសង្រ្គាមពេញលេញជាមួយរុស្ស៊ី អ៊ុយក្រែនមានប្រជាជនប្រហែល ៤០លាននាក់៕