ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី២២ ខែតុលា បានអំពាវនាវឲ្យមានបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យប្រជាជនចាកចេញពីតំបន់នានានៅភាគខាងជើងតំបន់ហ្កាហ្សា ខណៈមន្ត្រីសុខាភិបាល និយាយថា ពួកគេកំពុងអស់សម្ភារៈផ្គត់ផ្គង់ដើម្បីព្យាបាលអ្នកជំងឺដែលរងរបួសក្នុងការវាយលុករបស់អ៊ីស្រាអែល រយៈពេល៣សប្តាហ៍មកហើយ។

លោក Philippe Lazzarini ប្រធានទីភ្នាក់ងារផ្តល់ជំនួយ UNRWA បាននិយាយថា ស្ថានភាពមនុស្សធម៌ បានឈានដល់ចំណុចធ្ងន់ធ្ងរ ដោយសាកសពមនុស្សជាច្រើនត្រូវបានបោះបង់ចោលនៅតាមដងផ្លូវ ឬកប់នៅក្រោមគំនរបាក់បែក។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា នៅតំបន់ហ្កាហ្សា ភាគខាងជើង មនុស្សកំពុងរង់ចាំតែការស្លាប់ប៉ុណ្ណោះ។

លោក កំពុងអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ ទោះបីមានរយៈពេលពីរបីម៉ោងក៏ដោយ ដើម្បីបើកផ្លូវមនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់ក្រុមគ្រួសារជាច្រើន ដែលមានបំណងចាកចេញពីតំបន់នោះ និងទៅដល់កន្លែងដែលមានសុវត្ថិភាពជាងនេះ។
ការអំពាវនាវនេះបានធ្វើឡើង ខណៈរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអ៊ីស្រាអែល សម្រាប់កិច្ចពិភាក្សាដែលក្នុងនោះ លោក បានជំរុញឱ្យមេដឹកនាំរបស់ប្រទេសនេះ ប្រើប្រាស់ប្រយោជន៍ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស កាលពីសប្តាហ៍មុន គឺ លោក Yahya Sinwar ដោយមានចំណាត់ការដើម្បីបញ្ចប់សង្រ្គាមដ៏បង្ហូរឈាម អស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជំនួយមនុស្សធម៌បន្ថែមទៀត ទៅកាន់ តំបន់ហ្កាហ្សាភាគខាងជើង ហើយអ៊ីស្រាអែលនិយាយថា ជំនួយត្រូវបានដឹកជញ្ជូនតាមរថយន្តដឹកទំនិញជាច្រើនគ្រឿងព្រមទាំងយន្តហោះទម្លាក់ជំនួយ ប៉ុន្តែក្រុមគ្រូពេទ្យនៅហ្កាហ្សានិយាយថា ជំនួយមិនទាន់បានទៅដល់ពួកគេនៅឡើយទេ។