រដ្ឋមន្ត្រីទទួលបន្ទុកឆ្លើយតបនឹងវិបត្តិបាននិយាយកាលពីថ្ងៃអង្គារ (២២ តុលា) ថា ប្រទេសលីបង់ នឹងត្រូវការប្រាក់ចំនួន ២៥០លានដុល្លារក្នុងមួយខែ ដើម្បីជួយចិញ្ចឹមមនុស្សជាងមួយលាននាក់ដែលភៀសខ្លួនដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។

លោករដ្ឋមន្ត្រី ណាសើ យ៉ាស៊ីន (Nasser Yassin) បានប្រាប់សារព័ត៌មានរ៉យទ័រថា ការឆ្លើយតបរបស់រដ្ឋាភិបាល ដែលត្រូវបានជួយដោយការផ្តួចផ្តើមក្នុងស្រុក និងជំនួយអន្តរជាតិ គ្របដណ្តប់តែ ២០%ប៉ុណ្ណោះនៃតម្រូវការរបស់មនុស្សប្រហែល ១,៣លាននាក់ ដែលភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងស្នាក់នៅក្នុងអគារសាធារណៈ ឬជាមួយសាច់ញាតិ។

លោក Yassin លើកឡើងថា តម្រូវការទាំងនោះទំនងជាកើនឡើងបន្ថែមទៀត ដោយសាររលកប្រចាំថ្ងៃនៃការវាយប្រហារតាមអាកាសបានរុញច្រានមនុស្សកាន់តែច្រើនឱ្យភៀសខ្លួន ហើយធ្វើឱ្យរដ្ឋាភិបាលលីបង់ ពិបាករកមធ្យោបាយទប់ទល់ និងសង្រ្គោះអ្នកទាំងនោះ។ អគារសាធារណៈនានានៅលីបង់ ត្រូវបានប្រែក្លាយទៅជាជម្រកភៀសខ្លួនបណ្ដោះអាសន្នក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និយាយថា ជម្លោះនេះនឹងប៉ះពាល់ដល់សមត្ថភាពចិញ្ចឹមខ្លួនឯងរបស់លីបង់។
អាជ្ញាធរលីបង់ មិនទាន់បានធ្វើការប៉ាន់ប្រមាណពិតប្រាកដលើទំហំនៃការបំផ្លិចបំផ្លាញនៅទូទាំងប្រទេស និងតួលេខថវិកាសរុបដែលត្រូវការដើម្បីសាងសង់ឡើងវិញទេ ប៉ុន្តែលោក ណាសើ សៃឌី (Nasser Saidi) អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចបាននិយាយថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បណ្តាលឱ្យមានការខូចខាតដែលនឹងត្រូវចំណាយអស់ ២៥ពាន់លានដុល្លារដើម្បីជួសជុល៕