តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២២ តុលា) បានរក្សាការប្រើប្រាស់បទព្រហ្មទណ្ឌក្នុងការសម្រុកចូលទីតាំងរដ្ឋាភិបាលដោយពុំមានការអនុញ្ញាត ប្រឆាំងនឹងមនុស្សជិត ១.៥០០នាក់ ដែលត្រូវចោទប្រកាន់ថាបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ដោយបដិសេធការប៉ុនប៉ងដើម្បីរឹតបន្តឹងបន្ថែមទៀតចំពោះបទចោទទាំងនេះ។

នៅក្នុងសេចក្តីសម្រេច ដែលមានការគាំទ្រ ២ទល់នឹង១ ក្រុមប្រឹក្សានៃសាលាឧទ្ធរណ៍អាមេរិកប្រចាំតំបន់វ៉ាស៊ីនតោន បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ចុងចោទឈ្មោះ ខយ ហ្រ្គីហ្វីន (Couy Griffin) ក្នុងការស្នើឱ្យលុបចោលការផ្តន្ទាទោសលើបទល្មើសមជ្ឈិម ដែលរារាំងអ្នកគ្មានការអនុញ្ញាតមិនឱ្យចូលទៅក្នុងតំបន់ហាមឃាត់ ដែលត្រូវបានការពារដោយសេវាសម្ងាត់អាមេរិក។

ចុងចោទ Griffin បានប្រកែកថា រដ្ឋអាជ្ញាសហព័ន្ធត្រូវតែបញ្ជាក់ថា រូបគេបានដឹងថាអនុប្រធានាធិបតីនៅពេលនោះគឺលោក ម៉ៃ ផេន (Mike Pence) ស្ថិតនៅវិមានកាពីតូល នៅថ្ងៃកុបកម្មកើតឡើង ដែលតម្រូវឱ្យសេវាសម្ងាត់ការពារ។ គួររម្លឹកថា លោក Pence បានធ្វើជាអធិបតីលើការបញ្ជាក់លទ្ធផលឆ្នោតឆ្នាំ២០២០ របស់សភានៅឯវិមានកាពីតូលនៅថ្ងៃនោះ។

តុលាការ ដែលនៅតែរក្សាការផ្តន្ទាទោសលើជនជាប់ចោទ Griffin បានរកឃើញថា រដ្ឋអាជ្ញាគ្រាន់តែត្រូវបង្ហាញថា ចុងចោទបានដឹងខ្លួនជាមុនថាសម្រុកចូលទៅក្នុងតំបន់ហាមឃាត់នោះតែប៉ុណ្ណោះ។ តួលេខរបស់ក្រសួងយុត្តិធម៌អាមេរិកបង្ហាញថា គិតត្រឹមខែសីហា ប្រហែល ៩៥% នៃជនជាប់ចោទក្នុងកុបកម្មវិមានកាពីតូលទាំងអស់ បានប្រឈមនឹងបទសម្រុកចូលដោយគ្មានការអនុញ្ញាតនេះ៕