មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Biden បាននិយាយថា លោក Anthony Blinken បានព្រមានមេដឹកនាំអ៊ីស្រាអែលថា ចាំបាច់ត្រូវធ្វើកិច្ចការច្រើនបន្ថែមទៀត ដើម្បីទទួលបានជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សាភាគខាងជើងដែលប្រទេសនេះបានឡោមព័ទ្ធ ដោយបង្កើនផលវិបាកដែលអាចកើតមាននៅក្នុងច្បាប់របស់សហរដ្ឋអាមេរិក ប្រសិនបើពុំអនុវត្តន៍វិធានការណ៍ទេ។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu រដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant រដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រ លោក Ron Dermer និងមន្ត្រីយោធាជាន់ខ្ពស់ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់នៅទីក្រុង Jerusalem និង Tel Aviv។ ក្រុមមន្ត្រីសុខាភិបាល ហ្កាហ្សាកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ បាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស២០នាក់។

នៅថ្ងៃដដែលនោះ ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានបទឈប់បាញ់បណ្ដោះអាសន្នមួយដើម្បីទុកឱកាសឲ្យមនុស្សចាកចេញេពីភាគខាងជើងក្នុងដែនដីហ្កាហ្សា ខណៈក្រុមមន្ត្រីសុខាភិបាលហ្កាហ្សានិយាយថា ពួកគេអស់គ្រឿងបរិក្ខាពេទ្យសម្រាប់ព្យាបាលអ្នករបួសក្នុងការវាយប្រហាររយៈពេល៣សប្ដាហ៍របស់អ៊ីស្រាអែល។

ការព្រមានទល់មុខគ្នារបស់លោក Blinken ទៅកាន់អ៊ីស្រាអែលកើតឡើង ខណៈមានការរិះគន់កាន់តែខ្លាំងថា សហរដ្ឋអាមេរិកបានបរាជ័យក្នុងការទប់ស្កាត់អត្រាស្លាប់ជនស៊ីវិលដោយសារស្នាដៃអ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ។មន្ត្រីបាននិយាយថា Blinken ក៏បានដាក់សម្ពាធលើថ្នាក់ដឹកនាំអ៊ីស្រាអែលផងដែរ ជុំវិញរបាយការណ៍ដែលថាយោធារបស់ខ្លួនបាននិងកំពុងអនុវត្តអ្វីដែលគេហៅថា ផែនការទូទៅ ក្នុងដែនដីហ្កាហ្សាភាគខាងជើង ជាយុទ្ធសាស្ត្រមួយដែលត្រូវបានពិពណ៌នាថាជាការប្រើប្រាស់ការជម្លៀសជនស៊ីវិលដោយបង្ខំ និងយុទ្ធសាស្ត្រដាក់គំនាបឲ្យចុះចាញ់ ឬបង្អត់អាហារប្រឆាំងនឹងដែលនៅសេសសល់ក្នុងតំបន់នោះ៕