ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បាននិយាយនៅថ្ងៃពុធ (២៣ តុលា) នេះថា ភ្លៀងធ្លាក់ខ្លាំងដ៏បំផ្លិចបំផ្លាញដែលបង្កឱ្យមានទឹកជំនន់សម្លាប់មនុស្សយ៉ាងច្រើននៅក្នុងតំបន់អាហ្រ្វិក ដូចជាប្រទេសកាមេរូន ឆាដ នីហ្សេ នីហ៊្សេរីយ៉ា និងស៊ូដង់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កាន់តែអាក្រក់ទៅៗដោយបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស។

ទីភ្នាក់ងារចូលរួមអាកាសធាតុពិភពលោក (WWA) ជាក្រុមអ្នកវិទ្យាសាស្ត្រ ដែលសិក្សាពីទំនាក់ទំនងរវាងបម្រែបម្រួលអាកាសធាតុ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនិយាយថា ការឡើងកម្ដៅផែនដីបានធ្វើឱ្យមានភ្លៀងធ្លាក់តាមរដូវកាលនៅឆ្នាំនេះកើនឡើងប្រហែល ៥% ទៅ២០% កាន់តែខ្លាំងក្លាជាមុននៅទូទាំងតំបនអាងទឹកនីហ្សេ និងឆាដ ហើយភ្លៀងធ្លាក់ខ្លាំងបែបនេះអាចកើតឡើងជារៀងរាល់ឆ្នាំ ប្រសិនបើកម្ដៅផែនដីនៅតែបន្តកើនឡើង។

យោងតាមទីភ្នាក់ងារជំនួយ OCHA របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ទឹកជំនន់ឆ្នាំនេះបានសម្លាប់មនុស្សប្រហែល ១.៥០០នាក់ និងជាង ១លាននាក់ទៀតត្រូវជម្លៀសនៅអាហ្វ្រិកខាងលិច និងកណ្តាល។ ជំនន់ទឹកភ្លៀងនេះក៏បង្កការលិចលង់ហូរហៀរពីទំនប់នៅនីហ៊្សេរីយ៉ា និងស៊ូដង់ផងដែរ។

ក្រុម WWA ព្រមានថា ប្រសិនបើការឡើងកម្ដៅផែនដីឡើងដល់កម្រិតកំណត់ ២អង្សាសេ ដែលប្រហែលជាអាចកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ២០៥០ ភ្លៀងធ្លាក់បែបនេះត្រូវបានគេរំពឹងថានឹងកើតឡើងស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងតំបន់ដែលរងផលប៉ះពាល់ទាំងនោះ ដោយអំពាវនាវឱ្យពង្រឹងបន្ថែមលើប្រព័ន្ធព្រមានទឹកជំនន់ និងទំនប់៕