នគរបាលប្រទេសបូលីវី នៅថ្ងៃពុធ ទី២២ ខែតុលានេះ បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី លោក អ៊ីវ៉ូ ម៉ូរ៉លឡេស(Evo Morales) ដែលកំពុងបិទផ្លូវជាច្រើនកន្លែងក្នុងទីក្រុង Cochabamba ដោយនៅទីបំផុត នគរបាលបានបំបែកក្រុមបាតុករ ដើម្បីអនុញ្ញាតឱ្យយានយន្តធ្វើចរាចរណ៍បាន។

លោក Morales ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយការិយាល័យរដ្ឋអាជ្ញា សម្រាប់ការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ការជួញដូរនិងការរត់ពន្ធមនុស្សពាក់ព័ន្ធនឹងអនីតិជន បានប្រាប់ស្ថានីយវិទ្យុមួយថា លោកបានជំរុញអ្នកគាំទ្ររបស់លោក ឱ្យបិទផ្លូវដើម្បីតវ៉ាទៅនឹងអ្វីដែលលោកបានចាត់ទុកថា ជាការឃុំឃាំងនិងជាការចោទប្រកាន់ «ខុសច្បាប់ និងអយុត្តិធម៌» លើរូបលោក និងសម្ព័ន្ធមិត្តរបស់លោក។

ប្រធានាធិបតីកំពុងកាន់តំណែង លោក លូអ៊ីស អាស(Luis Arce) ដែលជាប់ដៃក្នុងការប្រជែងអំណាចជាមួយលោក Morales ជុំវិញការគ្រប់គ្រងគណបក្សចលនាសង្គមនិយម(MAS) ដែលកំពុងកាន់អំណាច បាននិយាយថា ការតវ៉ានឹងមិន «សង្គ្រោះ» នរណាម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភកុមារ នោះទេ។
ជម្លោះដែលកំពុងបន្តរវាងលោក Morales និងលោក Arce បាននិងកំពុងកើនឡើង ចាប់តាំងពីចុងឆ្នាំ២០២១ ផ្តើមចេញពីការខ្វែងគំនិតគ្នាលើការគ្រប់គ្រងរដ្ឋ និងតម្រូវការក្នុងការបន្តការដឹកនាំប្រទេសរបស់គណបក្សចលនាសង្គមនិយម(MAS)។ កង្វះប្រេងឥន្ធនៈ និងស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរបានបន្ថែមភាពតានតឹងផ្នែកសង្គមកាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេសបូលីវី។