សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា សាកសពចំនួន១០នាក់ ត្រូវបានរកឃើញពីកន្លែងកើតហេតុ នៃការផ្ទុះរថយន្តដឹកប្រេង ក្នុងរដ្ឋធានី Kampala ប្រទេសអ៊ុយហ្គង់ដា កាលពីថ្ងៃអង្គារ ទី២៣ ខែតុលា។

នគរបាល និយាយថា រថយន្តដឹកប្រេង បានក្រឡាប់ ហើយមនុស្សច្រើននាក់បានស្លាប់ ខណៈ ក៏មានអ្នករងរបួសច្រើននាក់ទៀត។
វីដេអូ ដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X បានបង្ហាញរថយន្តដឹកប្រេងក្រឡាប់ ហើយនៅពេលនោះ អ្នកស្រុកមួយចំនួន បានប្រញាប់ប្រញាល់ចូលទៅរករថយន្ត ដោយមានប៊ីដុងប្រេង ដើម្បីលួចបង្ហូរប្រេង។

សាក្សីម្នាក់ បានរៀបរាប់ថា អ្នកបើកបររថយន្ត បានព្យាយាមព្រមានដល់អ្នកដែលចូលមកលួចប្រេងឥន្ធនៈថា រថយន្តនឹងផ្ទុះ។
នគរបាលនិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅជាយក្រុង Kigoogwa នៅលើផ្លូវតភ្ជាប់ទីក្រុង Kampala និងទីក្រុង Gulu ភាគខាងជើង។
វីដេអូមួយផ្សេងទៀត បានបង្ហាញពីអគ្គិភ័យធំមួយ បានឆាបឆេះរថយន្តដឹកប្រេង និងលំនៅឋាននៅក្បែរនោះ ខណៈផ្សែងខ្មួលខ្មាញ់បានហុយឡើងលើអាកាស។