ប្រធានាធិបតីប្រទេសប៉េរូ លោកស្រី ឌីណា បូលូអាតេ(Dina Boluarte) បានប្រកាស កាលពីថ្ងៃអង្គារ ថា រដ្ឋាភិបាលប៉េរូ នឹងពិនិត្យមើលការផ្ទេរប្រាក់ ដែលត្រូវបានផ្ញើទៅបរទេសពីប្រជាជនវ៉េណេស៊ុយអេឡា ដែលកំពុងរស់នៅក្នុងប្រទេសប៉េរូ ដោយពណ៌នាអំពីវិធានការនេះថា ជាការឆ្លើយតបទៅនឹងការកើនឡើងឧក្រិដ្ឋកម្ម ដែលលោកស្រីបានផ្សារភ្ជាប់ទៅនឹងជនអន្តោប្រវេសន៍វេណេស៊ុយអេឡា។

លោកស្រីប្រធានាធិបតី បានធ្វើការប្រកាសបែបនេះ នៅមុនពេលការធ្វើកូដកម្មដោយក្រុមហ៊ុនដឹកជញ្ជូន ដែលគ្រោងធ្វើនៅថ្ងៃពុធនេះ ដើម្បីទាមទារឱ្យមានចំណាត់ការកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាល លើបញ្ហាអសន្តិសុខ និងការជំរិតទារប្រាក់។

លោកស្រី Boluarte បានពណ៌នាអំពី «ការកែប្រែ» ចំពោះគោលនយោបាយការធ្វើអន្តោប្រវេសន៍របស់រដ្ឋាភិបាលលោកស្រី ក្នុងការឆ្លើយតបទៅនឹងរបាយការណ៍ព័ត៌មានអំពីឧក្រិដ្ឋកម្ម ប្រព្រឹត្តដោយពលរដ្ឋវ៉េណេស៊ុយអេឡា ដែលរស់នៅក្នុងប្រទេសប៉េរូ។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ប្រជាជនវេណេស៊ុយអេឡា ជាង១,៥លាននាក់ បានធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសប៉េរូ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះ។
កាលពីចុងខែកញ្ញា រដ្ឋាភិបាលរបស់ប្រទេសប៉េរូ បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល៦០ថ្ងៃនៅក្នុងស្រុកជាច្រើនជុំវិញទីក្រុងលីម៉ា(Lima) ដើម្បីដាក់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសប៉េរូ នៅតាមដងផ្លូវ និងជួយដល់នគរបាលទប់ទល់រលកនៃការជំរិតទារប្រាក់ ដែលបានវាយលុកនៅក្នុងរដ្ឋធានី របស់ប្រទេស។