ក្នុងកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល និងជាចំនុចសំខាន់ដែលកម្ពុជា កំពុងតែធ្វើ ហើយតំបន់បានលើកយកមកជជែកពិភាក្សាក្នុងបច្ចុប្បន្នភាព គឺហិរញ្ញប្បទានសុខាភិបាល ហើយកម្ពុជា បានស្វាគមន៍គាំទ្រលើប្រធានបទនេះខ្លាំងណាស់ ដែលកម្ពុជា កំពុងតែមានអាទិភាពពង្រឹងឲ្យបានរីកចម្រើនគួរជាទីពេញចិត្ត។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បែបនេះ នាឱកាសអញ្ជើញធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្ថិភាព និងជោគជ័យ បន្ទាប់ពីឯកឧត្តមសាស្ត្រាចារ្យ និងគណៈប្រតិភូបានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២១ ដល់២៥ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងថា កម្ពុជាបានគាំទ្រនូវពង្រាងឯកសារ ឲ្យប្រសើរឡើងនៃការធ្វើហិរញ្ញប្បទានសុខាភិបាល ដែលស្របជាមួយនឹងដំណើររបស់កម្ពុជា ក្នុងការឈានទៅរកការប្រើប្រាស់ផែនទីបង្ហាញផ្លូវ និងឈានទៅរកការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។
ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ទៀតថា តុល្យភាពរវាងការព្យាបាល និងការការពារ កម្ពុជា បានធើ្វទន្ទឹមគ្នា ហើយខិតខំធ្វើយ៉ាងណាឲ្យដំណើរការទាំងពីរនេះ មានតុល្យភាពគ្នា ដើម្បីនឹងទទួលបាននូវផលទាំងពីរ (ទាំងការព្យាបាល និងការការពារ) ពិព្រោះថាការការពារនេះ មានផលចំណេញជាសេដ្ឋកិច្ចធំ ហើយក្នុងរយៈពេលវែងឆ្ងាយ៕ អត្ថបទ រដ្ឋា





