យុទ្ធនាការរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានបង្កើតកំណត់ត្រាថ្មីមួយក្នុងការរៃអង្គាសប្រាក់បានច្រើនបំផុតមិនធ្លាប់មាននៅរដូវស្លឹកឈើជ្រុះនេះ ដោយទទួលបាន ១ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែបីខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា។

យុទ្ធនាការលោកស្រី Harris និងគណៈកម្មាធិការគណបក្សសម្ព័ន្ធមិត្តបាននិយាយថា ពួកគេបានរៃអង្គាសបានរហូតដល់ ៣៧៨លានដុល្លារ ត្រឹមតែខែកញ្ញាមួយប៉ុណ្ណោះ បើធៀបនឹងចំនួន ១៦០លានដុល្លារ ដែលបានរាយការណ៍ដោយយុទ្ធនាការរបស់អតីតប្រធានាធិបតី លោក Donald Trump និងក្រុមសម្ព័ន្ធមិត្ត។

លោកស្រី Harris និងក្រុមរបស់ខ្លួននិយាយថា ពួកគេបានចូលក្នុងយុទ្ធនាការខែតុលា ជាមួយនឹងទឹកប្រាក់ចំនួន ៣៤៨លានដុល្លារនៅក្នុងដៃ ចំណែកក្រុមរបស់លោក Trump និយាយថា យុទ្ធនាការរបស់ពួកគេមាន ២៨៣លានដុល្លារ។ គម្លាតទឹកប្រាក់ដ៏ធំរវាងយុទ្ធនាការលោកស្រី Harris និងលោក Trump ត្រូវបានបើកបង្ហាញនៅក្នុងឯកសារថ្មីដែលត្រូវបានដាក់ទៅគណៈកម្មាធិការបោះឆ្នោតសហព័ន្ធ នៅល្ងាចថ្ងៃទី២០ ខែតុលា។

ជារៀងរាល់ខែ ចាប់តាំងពីលោកស្រី Harris ក្លាយជាបេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ លោកស្រីបានរៃអង្គាស និងចំណាយលើសលោក Trump យ៉ាងខ្លាំង ក្នុងកិច្ចប្រឹងប្រែងបង្កើតយុទ្ធនាការធំជាងគូប្រជែងបក្សសាធារណរដ្ឋរបស់ខ្លួន។
កំណត់ត្រាពីមុនសម្រាប់ការរៃអង្គាសប្រាក់ច្រើនបំផុតក្នុងមួយត្រីមាស ត្រូវគេជឿថាធ្វើឡើងដោយប្រធានាធិបតីបច្ចុប្បន្ន លោក Joe Biden នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០ នៅពេលដែលយុទ្ធនាការរបស់លោក និងក្រុមសម្ព័ន្ធមិត្តបានរាយការណ៍ពីការរៃអង្គាសថវិកាសរុបចំនួន ៨៨៨លានដុល្លារ៕