ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បើកកិច្ចប្រជុំ ស្តីពីសំណើររបស់សហព័ន្ធបាល់ទាត់ និងគណៈកម្មការរៀបចំបាល់ទាត់ជាតិ បានស្នើឲ្យអ្នកចូលទស្សនាបាល់ទាត់ឡើងវិញ , នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២២ កញ្ញា ២០២០នេះ។
ក្នុងកិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអញ្ជើញចូលរួមរបស់ឯកឧត្តម ឌី វិជ្ជា ប្រធានគណៈកម្មការនាយក នៃគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងពិភាក្សាគ្នាលើសំណើដែលចង់ឲ្យអ្នកចូលទស្សនាការប្រកួតកីឡាក្នុងពហុកីឡដ្ឋាន សម្រាប់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូន ខេមបូឌា លីក ឆ្នាំ២០២០ ដែលត្រូវបើកការប្រកួតនាពេលខាងមុខនេះ។
អ្វីដែលជាការសម្រេច គណៈកម្មការអន្តរក្រសួង នឹងលើកជាជម្រើសចំនួន០២ ត្រូវដាក់ស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយការសម្រេចក្រសួងសុខាភិបាល នឹងជម្រាបជូនថាតើយើងនឹងអនុវត្តន៍វិធានការបែបណាបន្ថែមទៀត៕




