អាជ្ញាធរ បាននិយាយនៅថ្ងៃពុធនេះថា ទឹកជំនន់ដ៏គំហុក បានវាយប្រហារតំបន់ជាច្រើនក្នុងប្រទេសហ្វីលីពីន ខណៈព្យុះត្រូពិក Trami បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងបានបណ្តាលឲ្យតំបន់ជាច្រើនគ្មានអគ្គិសនីប្រើប្រាស់ ដោយបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជាង ៣៨០.០០០នាក់។

ព្យុះត្រូពិក Trami ដែលបក់ឆ្ពោះយឺតៗ ត្រូវបានគេមើលឃើញក្នុងចម្ងាយ៣១០គីឡូម៉ែត្រ ភាគខាងកើតខេត្ត Aurora នៅភាគខាងជើងកោះ Luzon នៅព្រឹកថ្ងៃពុធនេះ ដោយនាំមកនូវខ្យល់បក់ក្នុងល្បឿន៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងសន្ទះខ្យល់បក់រហូតដល់១០៥គីឡូម៉ែត្រក្នុងមួយម៉ោង ជាព្យុះត្រូពិក។ វាត្រូវបានគេរំពឹងថា នឹងវាយបក់ដល់ដីគោករនៅខេត្ត Isabela ឬភាគខាងជើងខេត្ត Aurora នៅយប់ថ្ងៃពុធនេះ ឬនៅព្រឹកថ្ងៃព្រហស្បតិ៍។

ព្យុះត្រូពិក Trami បានធ្វើឲ្យជន់លិចផ្លូវថ្នល់ សង្កាត់ ផ្សារទំនើប និងវាលស្រែចំការ និងបានកាត់ផ្តាច់ចរន្តអគ្គិសនី នៅតំបន់រងផលប៉ះពាល់ Bicol ស្ថិតនៅភាគអាគ្នេយ៍ទីក្រុងម៉ានីល។
អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីទឹកជំនន់នៅភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីនផងដែរ។ នៅពុំទាន់មានរបាយការណ៍ពីអ្នកស្លាប់និងរងរបួសភ្លាមៗនៅឡើយទេ។ Trami គឺជាព្យុះទី១១ក្នុងឆ្នាំនេះ ដែលបានបោកបក់ចូលមកប្រទេសហ្វីលីពីន។