ខណៈខ្យល់បរិយាកាសដ៏កខ្វក់ដែលបង្កឡើងដោយការដុតកាំជ្រួច និងជញ្ជ្រាំងនៅតាមដីស្រែចម្កា ផ្សែងអ័ព្ទមានក្លិនមិនល្អ ដែលបានអណ្ដែតត្រសែតពាសពេញរដ្ឋធានីរបស់ប្រទេសឥណ្ឌា នៅថ្ងៃពុធ (ទី២៣ ខែតុលា) នេះ ត្រូវបានអ្នកតាមដានចាត់ថ្នាក់ថា ជា «ការបង្កគ្រោះថ្នាក់» លើកដំបូង ក្នុងរដូវរងានេះ។

យោងតាមអ្នកជំនាញសុខភាព បានឲ្យដឹងថា អ្នកធ្វើដំណើរទៅធ្វើការ បានក្អកដោយសារផ្សែងអ័ព្ទដ៏កខ្វក់ ដែលសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ តែយ៉ាងណាក្ដី មានមនុស្សតិចណាស់ នៅក្នុងទីក្រុងដ៏ធំទូលាយមួយនេះ ពាក់ម៉ាស់ការពារ។

គួរបញ្ជាក់ថា រដ្ឋធានីញូវដេលីត្រូវបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទមានក្លិនមិនល្អជារៀងរាល់ឆ្នាំ ដែលភាគច្រើនត្រូវបានស្តីបន្ទោសថា មកពីការដុតគល់ជញ្ជ្រាំងដោយកសិករដែលខំប្រឹងសម្អាតដីស្រែកសិកម្មរបស់ពួកគេ ដើម្បីភ្ជួររាស់ដាដុះ នៅក្នុងតំបន់ជិតខាង។
បរិយាកាសកខ្វក់ ត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ទៅៗ ជាពិសេសក្នុងអំឡុងមានពិធីបុណ្យគោរពបូជាអគ្គីរបស់សាសនាហិណ្ឌូ គឺ Diwali ដែលនឹងត្រូវធ្វើនៅថ្ងៃទី១ ខែវិច្ឆិកា។ ការដុតកាំជ្រួចដែលមានផ្សែងដ៏គ្រោះថ្នាក់ ជាផ្នែកនៃការប្រារព្ធពិធីនេះ។

កម្រិតភាគល្អិត ជាភាគល្អិតបង្កមហារីកដែលត្រូវបានគេស្គាល់ថា ជាសារធាតុពុល PM2.5 ដែលចូលទៅក្នុងចរន្តឈាមរបស់មនុស្សតាមសួត បានកើនឡើងដល់ជាង ៦៨ដងដែលអង្គការសុខភាពពិភពលោកបានណែនាំថា ជាកម្រិតអតិបរមា។
យោងតាមក្រុមហ៊ុនតាមដានខ្យល់បិរយាកាស IQAir នៅថ្ងៃទី២៣ ខែតុលា បានឲ្យដឹងថា ការបំពុលបានឡើងខ្ពស់ ៣៤៤មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ដែលបានចុះបញ្ជីខ្យល់បរិយាកាសនៅក្នុងទីក្រុងដ៏ធំមានប្រជាជនប្រហែល ៣០លាននាក់ថា ជា «ការបង្កគ្រោះថ្នាក់ដល់សុខភាព» ដោយបានចាត់ចំណាត់ថ្នាក់ថា ជាទីក្រុងដ៏អាក្រក់បំផុតរបស់ពិភពលោក៕