តារាចម្រៀងរ៉េប Eminem នៅទីក្រុង Detroit បានបោះជំហានចូលក្នុងឆាកនយោបាយ កាលពីថ្ងៃអង្គារ (ទី២២ ខែតុលា) នៅឯស្រុកកំណើតរបស់លោក ជាកន្លែងដែលលោកបាននិយាយយ៉ាងខ្លីៗ នៅឯកន្លែងជួបជុំសម្រាប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris រប់សគណបក្សប្រជាធិបតេយ្យ មុនពេលស្វាគមន៍អតីតប្រធានាធិបតី លោក Barack Obama នៅលើវេទិកា។

ក្នុងនាមជាអ្នករិះគន់ជាយូរមកហើយ ចំពោះអតីតប្រធានាធិបតី លោក Donald Trump របស់គណបក្សសាធារណរដ្ឋ លោក Eminem បានប្រាប់ក្រុមមនុស្សដែលចូលរួមទាំងអស់ថា៖ «ដូចដែលអ្នកភាគច្រើនបានដឹង ទីក្រុង Detroit និងរដ្ឋ Michigan ទាំងមូល មានន័យខ្លាំងណាស់ ចំពោះខ្ញុំ។ ហើយការឈានជើងចូលទៅក្នុងការបោះឆ្នោតនេះ ការចាប់អារម្មណ៍លើពួកយើង គឺច្រើនជាងពេលណាៗទាំងអស់។ ហើយខ្ញុំគិតថា វាសំខាន់ណាស់ក្នុងការប្រើសំឡេងរបស់អ្នក។ ដូច្នេះ ខ្ញុំលើកទឹកចិត្តឲ្យអ្នករាល់គ្នាចេញទៅបោះឆ្នោត»។

លោកបាននិយាយទៀតថា មនុស្សមិនគួរភ័យខ្លាច ចំពោះការសងសឹក ឬធ្វើឲ្យមតិរបស់ពួកគេត្រូវបានគេដឹងឮនោះទេ ដោយបន្ថែមថា លោកស្រី Harris «គាំទ្រអនាគតរបស់ប្រទេសនេះ ដែលសេរីភាពទាំងនេះ និងជាច្រើនទៀត នឹងត្រូវបានការពារ និងលើកកម្ពស់»។
បន្ទាប់មក តារារ៉េប នៅទីក្រុង Detroit រូបនេះ បានណែនាំបង្ហាញពីវត្តមានរបស់លោក Obama ដែលបានឡើងលើឆាកជាមួយនឹងការច្រៀងបទចម្រៀងដ៏ល្បីល្បាញ «Lose Yourself» របស់លោក Eminem។ គួរបញ្ជាក់ថា ការបង្ហាញខ្លួនរបស់លោក Obama និងលោក Eminem កើតមានតែប៉ុន្មានថ្ងៃមុនពេលការបោះឆ្នោតមុនកំណត់ ចាប់ផ្តើមនៅទូទាំងរដ្ឋ Michigan។
ចំនួនអ្នកចេញទៅបោះឆ្នោត នៅទីក្រុង Detroit ដែលជាមូលដ្ឋានដ៏រឹងមាំនៃលទ្ធិប្រជាធិបតេយ្យជាយូរមកហើយនោះ នឹងមានសារៈសំខាន់ក្នុងការកំណត់ថា តើបេក្ខជនរូបណាឈ្នះការបោះឆ្នោតតាមរដ្ឋ នៅក្នុងខែវិច្ឆិកា ខណៈដែលរដ្ឋ Michigan ស្ថិតក្នុងចំណោមរដ្ឋសមរភូមិមួយចំនួនតូចដែលគេរំពឹងថា នឹងកំណត់ថា តើលោកស្រី Harris ឬលោក Trump ជាអ្នកឈ្នះតំណែងប្រធានាធិបតី ក៏ដូចជាការគ្រប់គ្រងព្រឹទ្ធសភាអាមេរិកផងដែរ៕