នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋនៅក្នុងប្រទេសលីបង់ បាននិយាយថា ពួកគេមានការព្រួយបារម្ភពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដោយពួកគេសង្ឃឹមថានឹងមានសន្តិភាព ។
លោក Ahmed គឺជាពលរដ្ឋមួយរូបនិយាយថា លោកគ្រាន់តែចង់បានសន្តិភាពប៉ុណ្ណោះ ហើយនិងបញ្ឈប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ។
លោកបន្តថា ក្រោយការទម្លាក់គ្រាប់បែក តើអ្នកណានឹងត្រូវសាងសង់ឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ហើយនិងអគារទាំងអស់នេះនោះ?
អ៊ីស្រាអែល បានបង្កើនការវាយប្រហារលើប្រទេសលីបង់ ក្រោយរយៈពេល ១ឆ្នាំនៃការប៉ះទង្គិចគ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយក្រុមហេសបូឡា គឺជាក្រុមប្រដាប់អាវុធធន់ធ្ងន់គាំទ្រដោយអ៊ីរ៉ង់ ។
ក្រុមមួយនេះបានធ្វើសង្រ្គាមជាមួយអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ក្រុមជីវពលហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែក្រុមមួយនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការសម្លាប់ក្រុមមេបញ្ជាការជាន់ខ្ពស់របស់ពួកគេ នៅក្នុងការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល នារយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
រដ្ឋាភិបាលលីបង់ និយាយកាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់អ៊ីស្រាអែលនេះដែរ បានបង្ខំឲ្យពលរដ្ឋលីបង់យ៉ាងហោច ១,២លាននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងបានសម្លាប់មនុស្ស ២.៥៣០នាក់ រួមទាំងមនុស្ស ៦៣នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ៕