អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក អាម៉េដ អាបូល ហ្គេត (Ahmed Aboul-Gheit) កាលពីថ្ងៃអង្គារ បានព្រមានអំពីគ្រោះថ្នាក់នៃការចូលរួមរបស់ក្រុមហ៊ួទី ក្នុងការវាយប្រហារដែលគំរាមកំហែងដល់ពាណិជ្ជកម្មតាមផ្លូវសមុទ្រ នៅសមុទ្រក្រហម។
ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg លោក អាបូលហ្គេត បានសង្កត់ធ្ងន់ថា ការវិវឌ្ឍក្នុងតំបន់បច្ចុប្បន្ន ទាមទារឲ្យមានការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយការកើនឡើងភាពតានតឹងនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអារ៉ាប់ (AL)។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក ក្រុមហ៊ួទី បាននិងកំពុងធ្វើការវាយប្រហារដោយមីស៊ីល និងយានដ្រូន ទៅលើអ្វីដែលខ្លួនបាននិយាយថា ជានាវាដែល «មានទំនាក់ទំនងជាមួយអ៊ីស្រាអែល» នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ក៏ដូចជាគោលដៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។
ក្រុមហ៊ួទី បានបង្កើនការវាយប្រហារ ចាប់តាំងពីចុងខែកញ្ញា បន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់ប្រធានក្រុម ហេសបូឡា លោក ហាសាន ណាស្រាឡា (Hassan Nasrallah) នៅក្នុងការវាយប្រហារតាមអាកាសលើអគារមួយ នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត (Beirut)។
ទន្ទឹមនឹងនោះ លោក អាបូលហ្គេត បានសម្តែងការព្រួយបារម្ភរបស់ខ្លួន អំពីការបន្តធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌ នៅទូទាំងប្រទេសយេម៉ែន ដោយបានបញ្ជាក់ថា ដំណោះស្រាយនយោបាយ គឺជាមធ្យោបាយតែមួយគត់ ដើម្បីស្តារសាមគ្គីភាពរបស់ប្រទេសនេះឡើងវិញ។