រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក សេយីដ អាបាស អារ៉ាជី ( Seyed Abbas Araghchi) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសជិតខាង បានធានាអ៊ីរ៉ង់ថា ពួកគេ នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ពួកគេក្នុងការវាយប្រហារដ៏មានសក្តានុពលណាមួយប្រឆាំងនឹងប្រទេសនេះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅប្រទេសកូវ៉ែត លោក អារ៉ាជី បាននិយាយថា៖«យើងបានទទួលការធានាពីប្រទេសជិតខាងរបស់យើងថា ពួកគេ នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដី ឬដែនអាកាសរបស់ពួកគេសម្រាប់ការវាយប្រហារណាមួយដែលអាចកើតមានលើអ៊ីរ៉ង់ឡើយ»។
ដំណើរទស្សនកិច្ចរបស់លោក អារ៉ាជី កើតឡើង ស្របពេលមានការព្រួយបារម្ភអំពីលទ្ធភាពកើនឡើងភាពតានតឹងខាងយោធា ក្នុងតំបន់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានរំលឹកឡើងវិញថា អ៊ីរ៉ង់ កំពុងស្វែងរកបទឈប់បាញ់យ៉ាងទូលំទូលាយនៅក្នុងតំបន់ហ្កាហ្សា និងភាគខាងត្បូងលីបង់ ហើយបានអំពាវនាវឲ្យមានសន្តិភាពនៅក្នុងតំបន់។
ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានព្រមានថា លទ្ធភាពវាយប្រហារណាមួយរបស់អ៊ីស្រាអែល ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង ឬទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងត្រូវទទួលរង«ការឆ្លើយតបស្រដៀងគ្នានោះដែរ»។
ទាក់ទិននឹងលទ្ធភាពនៃសង្គ្រាមពេញទំហឹងនៅក្នុងតំបន់នេះ លោក អារ៉ាជី បាននិយាយថា៖«មានលទ្ធភាពនៃសង្រ្គាមនោះ អាចពង្រីកទៅជុំវិញតំបន់ទាំងមូល ប្រសិនបើទីតាំងថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានវាយប្រហារ» ដោយបន្ថែមថា៖«បណ្តាប្រទេសក្នុងតំបន់ មានសមត្ថភាពក្នុងការការពារមិនឲ្យ មានសង្គ្រាមទ្រង់ទ្រាយធំនេះ កើតឡើងទេ»។
លោក អារ៉ាជី បានសង្កត់ធ្ងន់ថា ការវាយប្រហារណាមួយលើទីតាំងនុយក្លេអ៊ែរ រំលោភលើច្បាប់និងអនុសញ្ញាអន្តរជាតិ។