ក្រុមតស៊ូឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលជាក្រុមជីវពលស៊ីអ៊ីតកាលពីថ្ងៃអង្គារ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយយានដ្រូនចំនួនពីរលើក។
យោងតាមសេចក្តីថ្លែងការណ៍របស់ខ្លួន ការវាយប្រហារមួយ គឺទៅលើទីតាំង «សំខាន់» របស់អ៊ីស្រាអែលនៅតំបន់ Tiberias និងមួយទៀតនៅលើជ្រលងភ្នំហ្ស៊កដង់ (Jordan) ដែលបង្កើតជាព្រំដែនភាគខាងលិចនៃប្រទេសហ្ស៊កដានីជាមួយអ៊ីស្រាអែល និងតំបន់វេសបែង (West Bank)។
ក្រុមតស៊ូនេះ បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើង «ក្នុងការសាមគ្គីភាពជាមួយប្រជាជនរបស់យើងនៅប៉ាឡេស្ទីន និងលីបង់» ដោយប្តេជ្ញាថា នឹងបន្តកំណត់គោលដៅទៅលើ«បន្ទាយរឹងមាំរបស់សត្រូវក្នុងល្បឿនកាន់តែខ្លាំងឡើង»។
ក្រុមនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំងដែលបានកំណត់គោលដៅ ឬរាយការណ៍អំពីការស្លាប់ ឬរបួសទេ។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមតស៊ូឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ បានវាយប្រហារម្តងហើយម្តងទៀតទៅលើទីតាំងរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។
កងជីវពលនេះ បានបង្កើនការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏ខ្លាំងក្លាលើក្រុមហេសបូឡានៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃទី ២៣ ខែកញ្ញា។