ការិយាល័យប្រធានាធិបតី បាននិយាយថា មន្ត្រីសន្តិសុខជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូង និងប៉ូឡូញកាលពីថ្ងៃពុធ បានបង្ហាញក្តីបារម្ភចំពោះទំនាក់ទំនងយោធាដែលកំពុងកើនឡើងរវាងកូរ៉េខាងជើង និង រុស្ស៊ី ហើយបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិរបស់ប្រទេសរបស់ពួកគេ ជាការឆ្លើយតប។
ទីប្រឹក្សាសន្តិសុខជាតិលោក ស៊ីន វ៉ុនស៊ីក ( Shin Won-sik) បានជួបប្រជុំជាមួយសមភាគីប៉ូឡូញ លោក Jacek Siewiera មុនពេលកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុក យ៉ូល ( Yoon Suk Yeol) និងប្រធានាធិបតីប៉ូឡូញលោក អានដ្រេស ឌូដា ( Andrzej Duda) នៅថ្ងៃព្រហស្បតិ៍។
មន្ត្រីទាំងពីររូប បានពិភាក្សាគ្នាអំពីបរិយាកាសសន្តិសុខនៅអឺរ៉ុប និងអាស៊ី ដោយផ្តោតលើការព្រួយបារម្ភអំពីការរៀបចំរបស់កូរ៉េខាងជើងក្នុងការបញ្ជូនកងទ័ពរបស់ខ្លួន ទៅគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
ភាគីទាំងពីរ បានចែករំលែក «ការព្រួយបារម្ភយ៉ាងខ្លាំង»ទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សកម្មភាពសម្របសម្រួលជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើនឡើង។
ក្នុងជំនួបពិភាក្សានោះ ពួកគេបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការដែលកំពុងបន្តក្នុងវិស័យការពារជាតិ និងបានព្រមព្រៀងគ្នាក្នុងរក្សាការទំនាក់ទំនង ដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកគេបន្ថែមទៀត។