នៅថ្ងៃពុធនេះ ទីក្រុងភាគខាងកើត Lahore របស់ប្រទេសប៉ាគីស្ថាន ឈរលេខរៀងទី ១នៅលើតារាងទីក្រុងមានកង្វក់បរិយាកាសខ្លាំងបំផុតនៅលើពិភពលោក ជាមួយនឹងសន្ទស្សន៍គុណភាពខ្យល់ ២៩១ នៅវេលាម៉ោងប្រហែល ១០ព្រឹក ម៉ោងក្នុងស្រុក ។ នេះបើយោងតាមការអះអាងរបស់ក្រុមគុណភាពខ្យល់ស្វីស IQAir ដែលបានចាត់ថ្នាក់គុណភាពខ្យល់នៅក្នុងទីក្រុងមួយនេះថា គ្រោះថ្នាក់ ។
ផ្សែងអ័ព្ទដ៏ក្រាស់ បានហុំព័ទ្ធទីក្រុង Lahore នៅព្រឹកថ្ងៃពុធ ។ មន្រ្តីជាន់ខ្ពស់មួយរូបមកពីទីភ្នាក់ងារការពារបរិដ្ឋានប៉ាគីស្ថានលោក Imran Hamid Sheikh និយាយថា កម្រិតកង្វក់បរិយាកាស អាចនឹងអាក្រក់លើសនេះបន្ថែមទៀត បើសិនជាកិច្ចខិតខំរបស់រដ្ឋាភិបាល មិនធ្វើឡើងទេនោះ ។
យោងតាមការជូនដំណឹងចេញដោយក្រសួងឧតុនិយមប៉ាគីស្ថានកាលពីថ្ងៃពុធ បានឲ្យដឹងថា ស្ថានភាពផ្សែងអ័ព្ទបែបនេះ គឺជារឿងធម្មតាទេចាប់ពីខែវិច្ឆិការហូតដល់ពាក់កណ្តាលខែធ្នូ ពេលដែលប្រទេសមួយនេះ ចូលដល់ខែរដូវរងារបស់ខ្លួន ។
គុណភាពខ្យល់កាន់តែធ្ងន់ធ្ងរទៅនៅខែរងា ពេលដែលសីតុណ្ហភាពត្រជាក់ ទាក់ធូលីនៅជិតដី ។
ទីក្រុង Lahore និងរដ្ឋធានីញូវដែល្លីរបស់ប្រទេសជិតខាងឥណ្ឌា ស្ថិតនៅក្នុងចំណោមទីក្រុងមានកង្វក់បរិយាកាសដ៏អាក្រក់បំផុតនៅលើពិភពលោក ។
ទីក្រុង Lahore គឺជារដ្ឋធានីនៃខេត្ត Punjab របស់ប៉ាគីស្ថាន ដែលរដ្ឋមន្រ្តីរបស់ពួកគេ អំពាវនាវឲ្យមានការទូតបរិយាកាសជាមួយឥណ្ឌា ដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វក់បរិយាកាស ៕