ក្រសួងសុខាភិបាល បាននិយាយថា មនុស្សសរុប ៦៣នាក់ ត្រូវបានសម្លាប់ និង ២៣៤នាក់ បានរងរបួស ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើប្រទេសលីបង់ ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ។
ចំនួនអ្នកស្លាប់និងរបួសខ្ពស់បំផុត ត្រូវបានកត់ត្រា នៅក្នុងតំបន់ភាគខាងត្បូងគឺនៅទី Sidon និងទីក្រុង Tyre មនុស្ស ២៤នាក់ បានស្លាប់ និង ៨៥នាក់ រងរបួស និងនៅទីក្រុងបេរូត និងភ្នំលីបង់ មនុស្ស ១៨ នាក់បានស្លាប់ និង ៦០នាក់ រងរបួស។ ចំណែកនៅក្នុងតំបន់រដ្ឋបាលខេត្ត Baalbek-Hermel មនុស្ស ១១ នាក់ បានស្លាប់ និង ៦៣នាក់ បានរងរបួស ហើយនៅក្នុងជ្រលង Beqaa ភាគខាងកើតប្រទេសលីបង់ មនុស្ស ៧នាក់ បានស្លាប់ និង ៥នាក់រងរបួស។ នៅទីក្រុង Nabatieh ការវាយប្រហារតាមអាកាស បានសម្លាប់មនុស្ស ៣នាក់ និង ២១នាក់ រងរបួស។
បន្ថែមពីលើនេះ ក្រសួងក៏បានធ្វើបច្ចុប្បន្នភាពផងដែរអំពីជនស៊ីវិលដែលស្លាប់និងរងរបួសពីការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងរបស់អ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងភាព តានតឹងផ្នែកយោធា ក្នុងខែតុលា ឆ្នាំ ២០២៣។ ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២.៥៤៦នាក់ និងចំនួនអ្នករងរបួស ១១.៨៦២នាក់។