បាល់ទាត់៖ ឈានចូលវ័យ ៣៦ឆ្នាំទៅហើយ Cristiano Ronaldo មិនបានបង្ហាញពីការស្រុតចុះនៃការស៊ុតបញ្ចូលទីរបស់ខ្លួនទៅតាមវ័យរបស់គេឡើយ បន្ទាប់ពីខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯងក្នុងជ័យជំនះរបស់ព័រទុយហ្កាល់ ៥-០ លើលុចហ្សាំបួរយប់មិញ។

ពីរគ្រាប់ ១១ម៉ែត្រពីរគ្រាប់នៅដើមវគ្គទី១ និងមួយគ្រាប់ចុងវគ្គទី២ ធ្វើឱ្យ Cristiano Ronaldo ក្លាយជាកីឡាករបាល់ទាត់ដែលស៊ុតបាន Hat-Trick បានច្រើនជាងគេនៅក្រុមជំរើសជាតិ។ នេះជា Hat-Trick ទី៥៨ របស់គេសរុបទាំងក្រុមជំរើសជាតិ និងក្លិបអាជីពដែលមានន័យថា ៥៨ប្រកួតដែលកីឡាករវ័យ ៣៦ឆ្នាំរូបនេះរកបាន ៣គ្រាប់រឺច្រើនជាងនេះក្នុងមួយប្រកួត។ មិត្តរួមក្រុម Manchester United, Bruno Fernandes ក៏រកបានមួយគ្រាប់ផងដែរជាមួយនឹង Joao Palhinha។

Ronaldo ទើបបានបំបែកកំណត់ត្រាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេកាលពីខែមុនរបស់ Ali Daei ដែលមាន ១០៩គ្រាប់ ខណៈពេលនេះ Ronaldo មានសរុប ១១៥គ្រាប់ទៅហើយឱ្យក្រុមជំរើសជាតិ។ ជ័យជំនះរបស់ព័រទុយហ្កាល់នេះ ធ្វើឲ្យក្រុមរបស់លោក Fernando Santos នៅតែបន្តឈរលេខ២ ក្នុងពូលមាន ១៦ពិន្ទុនៅពីក្រោមស៊ែបដែលមាន ១៧ពិន្ទុបន្ទាប់ពីយកឈ្នះអាស៊ែបៃសង់ ៣-១ យប់មិញ តែស៊ែបមានមួយប្រកួតលើសព័រទុយហ្កាល់៕
អត្ថបទ៖នាង សុភាវុធ