រយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោត វិបត្តិដែលកំពុងកើតមាននៅមជ្ឈិមបូព៌ា បានក្លាយទៅជាចំណុចសំខាន់មួយ នៅក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក។
អនុប្រធានាធិបតីលោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump កំពុងព្យាយាមដោះស្រាយបញ្ហាស្មុកស្មាញនៃជម្លោះនេះ ខណៈពេលដែលកំពុងប្រឹងប្រែងដើម្បីទទួលបានសំឡេងបោះឆ្នោតដ៏សំខាន់ នៅក្នុងរដ្ឋប្រទាញប្រទង់គ្នា ដូចជារដ្ឋ Michigan និង Pennsylvania ដែលមានប្រជាជនអាមេរិកអារ៉ាប់ និងជ្វីហ្វយ៉ាងច្រើននោះ។
លោកស្រី Harris បាននិងកំពុងប្រឹងប្រែងជម្នះការលំបាកដ៏ធំ ដោយបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសអ៊ីស្រាអែល ហើយក៏បានថ្កោលទោសចំពោះការស្លាប់ជនស៊ីវិលយ៉ាងច្រើន នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់ផងដែរនោះ។
ទង្វើដែលមានតុល្យភាពបែបនេះ បាននាំឲ្យមានប្រតិកម្មចម្រុះ រួមទាំងការរិះគន់ពីអ្នកមួយចំនួនដែលបានបកស្រាយខុសនូវការអត្ថាធិប្បាយរបស់លោកស្រី ក្នុងអំឡុងពេលការពិភាក្សានាពេលថ្មីៗនេះ ជាមួយបាតុករដែលគាំទ្រប៉ាឡេស្ទីនថា បានយល់ស្របនឹងការអះអាងអំពី«អំពើប្រល័យពូជសាសន៍»របស់អ៊ីស្រា អែល។
យុទ្ធនាការរបស់លោកស្រី Harris បានបញ្ជាក់យ៉ាងរហ័សថា ការអត្ថាធិប្បាយរបស់លោកស្រី គឺផ្តោតលើស្ថានភាពមនុស្សធម៌ដ៏ទូលំទូលាយ នៅក្នុងតំបន់ហ្កាហ្សា។
កម្លាំងគាំទ្រ បានផ្លាស់ប្តូរ មួយថ្ងៃមុននេះ នៅពេលដែលលោកស្រី Harris បាននិយាយថា៖«រឿងដំបូងហើយជារឿងដ៏សោកនាដកម្មបំផុត»នៃជម្លោះនេះ គឺការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ដែលបានបណ្តាលឲ្យជនជាតិអ៊ីស្រាអែលប្រហែល ១.២០០នាក់ ស្លាប់។