នៅថ្ងៃពុធនេះ យោធាអ៊ីស្រាអែល បានបាញ់ទម្លាក់រ៉ុក្កែត ២គ្រាប់ ផ្លោងចេញពីប្រទេសលីបង់ដែលបានធ្វើឲ្យសំឡេងស៊ីរ៉ែនវាយឆ្មក់បន្លឺឡើងនៅក្នុងទីក្រុងតែល អាវីវ ។
ការបាញ់គ្រាប់រ៉ុក្កែតលើតំបន់ភាគកណ្តាលអ៊ីស្រាអែលនេះដែរ បានកើតមានឡើង ខណៈដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កំពុងបំពេញទស្សនកិច្ចនៅទីក្រុងតែល អាវីវ ។
ក្រុមមន្រ្តីជាន់ខ្ពស់មួយចំនួនរបស់ក្រសួងការបរទសអាមេរិក និងក្រុមអ្នកសារព័ត៌មានអមដំណើរមកជាមួយនៅក្នុងសណ្ឋាគារស្នាក់នៅរបស់លោក Blinken បានចាកចេញពីបន្ទប់ទទួលទានអាហារពេលព្រឹក និងប្រញាប់ប្រញាល់រត់រកទីជម្រកនៅជាន់ក្រោមជាមួយភ្ញៀវ និងបុគ្គលិកដទៃទៀត ពេលដែលស៊ីរ៉ែនបន្លឺឡើង ។
សំណុំផ្សែងត្រូវបានគេមើលឃើញហុយឡើងលើអាកាសពីលើទីក្រុងបេរូតរបស់ប្រទេសលីបង់ នៅព្រឹកថ្ងៃពុធនេះ ក្រោយការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល ។
អ៊ីស្រាអែល បានបង្កើនការវាយប្រហារលើប្រទេសលីបង់ ក្រោយរយៈពេល ១ឆ្នាំនៃការប៉ះទង្គិចគ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយក្រុមហេសបូឡា គឺជាក្រុមប្រដាប់អាវុធធន់ធ្ងន់គាំទ្រដោយអ៊ីរ៉ង់ ។
ក្រុមមួយនេះបានធ្វើសង្រ្គាមជាមួយអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ក្រុមជីវពលហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែក្រុមមួយនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការសម្លាប់ក្រុមមេបញ្ជាការជាន់ខ្ពស់របស់ពួកគេ នៅក្នុងការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល នារយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
មកទល់នឹងពេលនេះ អ៊ីស្រាអែល ពុំបានបង្ហាញសញ្ញាណាមួយនៃការបន្ធូរបន្ថយយុទ្ធនាការរបស់ខ្លួននៅតំបន់ហ្កាហ្សា និងប្រទេសេលីបង់នោះឡើយ បើទោះបីនៅក្រោយការសម្លាប់មេដឹកនាំជាច្រើននាក់របស់ក្រុមហាម៉ាស់ និងក្រុមហេសបូឡាក៏ដោយ ។
ការវាយប្រហាររបស់អ៊ីស្រាអែល បានបន្តនៅទូទាំងប្រទេសលីបង់កាលពីថ្ងៃអង្គារ រួមទាំងការវាយប្រហារបណ្តាលឲ្យអគារច្រើនជាន់បាក់រលំនៅជិតតំបន់ភាគកណ្តាលទីក្រុងបេរូត ធ្វើឲ្យពលរដ្ឋរត់ភៀសខ្លួនយ៉ាងស្លន់ស្លោទាំងព្រលឹងចុងសក់ ៕


