ក្រុមអ្នកជួយសង្គ្រោះហ្វីលីពីន នៅថ្ងៃពុធ (ទី២៣ ខែតុលា) បាននាំគ្នាដើរឆ្លងកាត់ទឹកជំនន់លិចដល់ទ្រូង ដើម្បីបានទៅជួយអ្នកស្រុកដែលជាប់ទៅណាមិនរួចដោយសារព្យុះ Trami ជាព្យុះត្រូពិកដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ ហើយបង្ខំឲ្យមនុស្សរាប់ពាន់នាក់ទៀតជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន ខណៈដែលព្យុះនេះកំពុងបក់បោកឆ្ពោះទៅឆ្នេរភាគខាងកើត។
ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាដោយសារឥទ្ធិពលរបស់ព្យុះនេះ បានធ្វើឲ្យផ្លូវប្រែក្លាយទៅជាទន្លេដោយសារទឹកល្ហាចល្ហឹម ជន់លិចភូមិទាំងមូល និងបណ្ដាលឲ្យរថយន្តមួយចំនួនកប់នៅក្នុងល្បាប់សំណល់ពីភ្នំភ្លើង ដែលកើតមានដោយសារការធ្លាក់ភ្លៀងនេះ។
នគរបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣២.០០០នាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នៅភាគខាងជើងហ្វីលីពីន ខណៈព្យុះនេះធ្វើដំណើរកាន់តែកៀកទៅនឹងកោះដ៏សំខាន់របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺកោះ Luzon។
នគរបាលបាននិយាយថា នៅតំបន់ Bicol ដែលមានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល កម្រិតទឹកជំនន់ «ឡើងខ្ពស់ភ្លាមៗមួយរំពេច» កំពុងតែបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕



