អាជ្ញាធរបានសម្រេចលុបចោលសេវារថភ្លើងរាប់រយខ្សែ ដោយបានព្រមានអ្នកនេសាទកុំឲ្យចេញដំណើរទៅប្រកបកិច្ចការនៅសមុទ្រ ហើយត្រៀមជម្លៀសប្រជាជននៅកន្លែងងាយរងគ្រោះ នាថ្ងៃពុធ (ទី២៣ ខែតុលា ពោលគឺរយៈពេលមួយថ្ងៃមុនព្យុះស៊ីក្លូនមានឥទ្ធិពលដ៏ខ្លាំងក្លានេះ នឹងបក់បោកទៅកាន់ឆ្នេរភាគខាងកើតនៃប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែស។
ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា ព្យុះស៊ីក្លូន Dana ដែលបច្ចុប្បន្នកំពុងបក់បោកនៅឈូងសមុទ្រ Bengal ត្រូវបានគេរំពឹងថា នឹងវិវត្តទៅជាព្យុះស៊ីក្លូនដ៏មានឥទ្ធិពល និងគ្រោះថ្នាក់ ដោយមានល្បឿនខ្យល់បក់រហូតដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយទំនងជានឹងទៅដល់ដីគោក នៅយប់ថ្ងៃទី២៤ ខែតុលា ដោយបក់បោក នៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា និងឆ្នេរភាគខាងត្បូងរបស់ប្រទេសបង់ក្លាដែស។
រថភ្លើងជាង ២០០ខ្សែ ត្រូវបានលុបចោល នៅរដ្ឋ Odisha របស់ប្រទេសឥណ្ឌា ជារដ្ឋដែលងាយរងគ្រោះដោយព្យុះស៊ីក្លូន ហើយក្រុមមន្ត្រីបាននិយាយថា ការត្រៀមលក្ខណៈកំពុងត្រូវបានរៀបចំឡើង ដើម្បីជម្លៀសប្រជាជនដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ។
ការិយាល័យអាកាសធាតុ បានព្រមានថា នឹងមានភ្លៀងធ្លាក់ពីខ្លាំងរហូតដល់ខ្លាំងបំផុត ត្រូវបានគេរំពឹងថា នឹងមាននៅរដ្ឋ Odisha ក្នុងរយៈពេល ៣ថ្ងៃខាងមុខ ដោយបន្ថែមថា ព្យុះនេះអាចបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ ដំណាំ និងខ្សែបណ្តាញអគ្គិសនី ដោយបង្កឲ្យមានជាទឹកជំនន់ និងបំណាក់ដី។
ចំណែកនៅប្រទេសជិតខាងឥណ្ឌា គឺបង់ក្លាដែស នាយកដ្ឋានអាកាសធាតុបានចេញការព្រមានដល់អ្នកនេសាទ និងបានប្រាប់កំពង់ផែនៅតាមបណ្តោយឆ្នេរភាគខាងត្បូងរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕


