នៅថ្ងៃពុធនេះ អ៊ីស្រាអែលចាប់ផ្តើមទម្លាក់គ្រាប់បែកលើទីក្រុងកំពង់ផែប្រវត្តិសាស្រ្ត Tyre ដែលបានចុះបញ្ជីនៅក្នុងអង្គការបេតិកភណ្ឌពិភពលោក UNESCO រយៈពេលប្រហែល ៣ម៉ោងប៉ុណ្ណោះ ក្រោយពួកគេចេញបញ្ជាតាមអនឡាញឲ្យពលរដ្ឋរត់ភៀសខ្លួនចេញពីតំបន់ភាគកណ្តាល ។ សំណុំផ្សែងក្រាស់ឃ្មឹកដ៏ធំ បានផុសពីលើអគាររស់នៅរបស់អ្នកស្រុក ។
មនុស្សរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនរួចទៅហើយចេញពីទីក្រុង Tyre ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ស្របពេលដែលអ៊ីស្រាអែល បង្កើនយុទ្ធនាការរបស់ពួកគេក្នុងការបំផ្លិចបំផ្លាញក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាស្រ្ទីប ដែលក្រុមទាំង ២នេះ គឺជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ។
ទីក្រុងកំពង់ផែមួយនេះ គឺជាមជ្ឈមណ្ឌលសម្រាប់ក្រុមប្រជានេសាទ ភ្ញៀវទេសចរ ហើយក្រុមថែរក្សាសន្តិភាព តែងតែសម្រាកនៅទីនេះ អំឡុងការដាក់ពង្រាយរបស់ពួកគេនៅជិតព្រំដែន ។
ដោយឡែក កាលពីថ្ងៃអង្គារម្សិលមិញ ផ្សែងបានគ្របដណ្តប់ពីលើទីក្រុងតំបន់ឆ្នេរ Tyre ផងដែរ បន្ទាប់ពីការផ្ទុះគ្រាប់ជាច្រើន ។
អ៊ីស្រាអែល បានចុះយុទ្ធនាការជើងគោកនៅប្រទេសលីបង់ រយៈពេលជាង ១ខែកន្លងមកនេះ ក្រោយរយៈពេល ១ឆ្នាំនៃការប៉ះទង្គិចគ្នាឆ្លងព្រំដែន ពេលដែលក្រុមហេសបូឡា ផ្លោងគ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាស្រ្ទីប ។
យុទ្ធនាការរបស់អ៊ីស្រាអែលនៅប្រទេសលីបង់ បានធ្វើឲ្យមនុស្ស ១,២លាននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ ។
អ៊ីស្រាអែល និយាយថា ពួកគេមានគោលដៅកម្ចាត់ក្រុមហេសបូឡា ចេញពីតំបន់ព្រំដែន ដើម្បីឲ្យពលរដ្ឋរបស់ពួកគេរាប់ម៉ឺននាក់ អាចវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញ ក្រោយបង្ខំចិត្តរត់ភៀសខ្លួនអស់រយៈពេល ១ឆ្នាំកន្លងមកនេះ ៕


