យោងតាមអាជ្ញាធរ បានឲ្យដឹងថា ភាពចលាចលរយៈពេល ២យប់ បានធ្វើឲ្យតំបន់ជាយក្រុងនៃរដ្ឋធានី Lisbon របស់ប្រទេសព័រទុយហ្គាល់ជួបនឹងភាពរំជើបរំជួល បន្ទាប់ពីនគរបាលបានបាញ់ប្រហារបុរសស្បែកខ្មៅម្នាក់ ដោយរូបភាពពីទូរទស្សន៍បង្ហាញឲ្យឃើញថា មានការដុតរថយន្តក្រុង និងសំរាម ហើយនិងមានការគប់ដុំថ្ម។
ភាពចលាចលនេះ បានចាប់ផ្តើមនៅក្នុងសង្កាត់ពហុវប្បធម៌នៃជាយក្រុង Amadora របស់ទីក្រុង Lisbon បន្ទាប់ពីបុរសវ័យ ៤៣ឆ្នាំម្នាក់ ត្រូវបានបាញ់បណ្ដាលឲ្យស្លាប់ដោយនគរបាល កាលពីព្រឹកព្រលឹមថ្ងៃចន្ទ (ទី២១ ខែតុលា)។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សប្រហែល ៣០នាក់ បាននាំគ្នាធ្វើបាតុកម្ម កាលពីយប់ថ្ងៃចន្ទ។ តែគេមិនដឹងនោះទេថា តើមានប៉ុន្មាននាក់ចេញមកតវ៉ា នៅយប់ទី២ នេះ។ អាជ្ញាធរបាននិយាយថា មនុស្ស ៣នាក់ត្រូវបានចាប់ខ្លួន ដោយនគរបាល ២នាក់ និងមនុស្ស ២នាក់ផ្សេងទៀតរងរបួស។ នគរបាលបង្ក្រាបកុបកម្មត្រូវបានដាក់ពង្រាយ ហើយអ្នកពន្លត់អគ្គិភ័យបានពន្លត់អណ្ដាតភ្លើងដែលពួកបាតុករបានដុតនោះ។
នៅក្នុងសេចក្ដីថ្លែងការ នគរបាលបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់នោះ បានរត់គេចខ្លួន ហើយបុករថយន្ត ១គ្រឿង បន្ទាប់ពីឃើញរថយន្តនគរបាល។ សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅពេលមន្ត្រីចូលទៅកៀក រូបគេបានព្យាយាមវាយប្រហារនគរបាលដោយដាវ មុននឹងត្រូវបានបាញ់ ហើយស្លាប់នៅមន្ទីរពេទ្យ។
ដោយនិយាយតាមរយៈទូរទស្សន៍ក្នុងស្រុក អ្នកស្រុកខ្លះចោទនគរបាលថា ប្រើកម្លាំងហួសហេតុពេក។ នគរបាលបានប្រាប់ថា ការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើង ជុំវិញថា តើមានការប្រើកម្លាំងហួសហេតុដែឬ យ៉ាងណា ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Margarida Blasco បាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ នឹងត្រូវបានធ្វើឡើង ដើម្បីនាំខ្លួនអ្នកបង្កចលាចលទៅកាត់ទោស៕

