មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល នឹងមិនចាត់វិធានការយោធា «ទ្រង់ទ្រាយនិងធ្ងន់ធ្ងរ» ប្រឆាំងនឹងអ៊ីរ៉ង់ទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ
Fars។
លោក Mohammad-Ali Jafari មេបញ្ជាការនៃទីបញ្ជាការវប្បធម៌ និងសង្គម Baghiyatallah បានថ្លែងថា អ៊ីស្រាអែលប្រហែលជានឹងធ្វើការវាយប្រហារ «មានកម្រិត និងទ្រង់ទ្រាយតូច» ដើម្បី «និយាយថា ខ្លួនបានចាត់វិធានការ ឬឆ្លើយតប»ចំពោះប្រតិបត្តិការមីស៊ីលរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី ០១ ខែតុលា។
លោកបានបន្តថា អ៊ីស្រាអែល នឹងមិនអាចធ្វើប្រតិបត្តិការស្មើនឹងការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់ ឡើយ។
លោក Jafari បានកត់សម្គាល់ថា ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងពឹងផ្អែកយ៉ាងសំខាន់ទៅលើកម្លាំងនៃការវាយប្រហាររបស់អ៊ីស្រាអែល។
លោក Jafari អតីតអគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា៖«ប្រសិនបើអ៊ីស្រាអែល ធ្វើសកម្មភាពទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរ ប្រទេសនេះ នឹងទទួលបាននូវការឆ្លើយតបខ្លាំងជាងរាប់ដង»។
កាលពីថ្ងៃទី ០១ ខែតុលា អ៊ីរ៉ង់ បានបាញ់មីស៊ីលប្រមាណ ១៨០ គ្រាប់ទៅលើគោលដៅរបស់អ៊ីស្រាអែល។ ទីក្រុងតេអេរ៉ង់ បានពណ៌នាការវាយប្រហារនោះថា ជាការសងសឹកចំពោះការធ្វើឃាតមេដឹកនាំមួយចំនួននៃក្រុមតស៊ូក្នុងតំបន់ និងសកម្មភាពយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមប្រដាប់អាវុធលីបង់ និងប៉ា ឡេស្ទីន។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានថា អ៊ីរ៉ង់ បានធ្វើ «ខុសយ៉ាងធ្ងន់ធ្ងរ» ហើយបានប្តេជ្ញាសងសឹក។

