ដោយដកស្រង់ប្រភពការទូតមួយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti នៅថ្ងៃពុធ (ទី២៣ ខែតុលា) នេះ បានរាយការណ៍ថា សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា គឺលោក Mousa Abu Marzouk បានទៅដល់ទីក្រុងមូស្គូហើយ នៅក្នុងដំណើរទស្សនកិច្ចដែលបានគ្រោងទុក។
ជាមួយគ្នានេះ សារព័ត៌មាន RIA បានឲ្យដឹងទៀតថា សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Abu Marzouk មានបំណងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយបណ្ដាមន្ត្រីរុស្ស៊ី។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីមានទំនាក់ទំនងជាមួយតួអង្គសំខាន់ៗទាំងអស់ នៅតំបន់មជ្ឈិមបូព៌ា ដែលរួមមានអ៊ីស្រាអែល អ៊ីរ៉ង់ លីបង់ អាជ្ញាធរប៉ាឡេស្ទីន និងក្រុមហាម៉ាស។
ទីក្រុងមូស្គូបានរិះគន់ម្តងហើយម្តងទៀត ជុំវិញវិបត្តិបច្ចុប្បន្ន នៅមជ្ឈិមបូព៌ា ដោយលើកឡើងថា នេះជាការបរាជ័យផ្នែកការទូតរបស់សហរដ្ឋអាមេរិក ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងឲ្យមានការចាប់ផ្ដើមការចរចាឡើងវិញ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព៕

